ខេត្តកំពង់ចាម៖ វត្តកណ្ដាលកោះសូទិនដែលមានប្រវត្តិកកើតយូរឆ្នាំមកហើយ
មានទីតាំងស្ថិតនៅឃុំកោះសូទិន ស្រុកកោះសូទិន។ នៅក្នុងឱកាសដាក់បិណ្ឌវេនទីមួយរហូតមកដល់វេនទី៨ ត្រូវនឹងថ្ងៃទី១៥កញ្ញា ឆ្នាំ២០២៥ គេសង្កេតឃើញអ្នកភូមិនិងអ្នករស់នៅទីជិតទីឆ្ងាយបាននាំយកចង្ហាន់មកប្រគេនព្រះសង្ឃតាមឱវាទព្រះពុទ្ធ ហើយទំនៀមទម្លាប់នេះគិតមកដល់បច្ចុប្បន្នមានអាយុកាលជាង២៥០០ឆ្នាំ។
អ្នកស្រីស៊ុន ចន្ថា មេឃុំកោះសូទិនមានប្រសាសន៍ឲ្យដឹងថា: កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញ អមដំណើរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌ វេនទី៧ នៅវត្តកណ្តាលកោះសូទិន ស្រុកកោះសូទិន ដែលទីនេះគឺជាស្រុកកំណើតរបស់សម្ដេច ឱ្យតែដល់រដូវបុណ្យទានម្ដងៗគឺសម្ដេចបានអញ្ជើញមកស្រុកធ្វើបុណ្យដាក់ទានមិនដែលអាក់ខានម្ដងណាឡើយ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ រួមទាំង ក្រុមគ្រួសារ បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេនចំពោះព្រះសង្ឃនៅវត្ដកណ្តាលកោះសូទិន និងរៀបចំពិធីប័ង្សុកូល នៅសាលាឆទាន ស្ថិតនៅភូមិ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ជាមួយគ្នានោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលថ្មីៗនេះ នៃការប៉ះទង្គិចរវាងកម្ពុជា ថៃ និងសូមឲ្យវីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ ឲ្យឆាប់ជាសះស្បើយ និងមានសុខភាពរឹងមាំ ដើម្បីបន្តការពារបូរណភាពទឹកដី។ជាមួយនោះក៏បួងសួងដល់វីរៈយុទ្ធជន ១៨នាក់ ដែលភាគីថៃចាប់ទៅសូមឱ្យឆាប់បានដោះលែងត្រឡប់មកស្រុកកំណើតវិញ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី














