ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធីបតីភាពប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ ពិធីនេះ រៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
បើតាមរបាយការណ៍ស្វាគមន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា វិស័យកសិកម្ម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ ស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ ជាងនេះទៀត វត្តមានដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី គឺជាការលើកទឹកចិត្តយ៉ាងធំធេងដល់គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងនិស្សិតទាំងអស់នៃគ្រឹះស្ថានទាំងបី ឱ្យកាន់តែមានកម្លាំងចិត្តទ្វេឡើងថែមទៀត ក្នុងការបន្តបេសកកម្មអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម និងកែទម្រង់ការអប់រំឧត្តមសិក្សាកសិកម្ម ស្របតាមបរិបទនៃ វឌ្ឍនភាពសេដ្ឋកិច្ច នយោបាយ និងសង្គមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម ឌិត ទីណា បានថ្លែងបន្តទៀតថា និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនៅថ្ងៃនេះមានចំនួន ១ ៤៨៧នាក់ (នារី ៦០៧នាក់ ស្មើនឹង ៤០%) ដែលបានបញ្ចប់ការសិក្សាតាមជំនាញរបស់ខ្លួនដោយជោគជ័យ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ក្នុងនោះនិស្សិតចំនួន ៦៤៧នាក់ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម, ចំនួន ៦២៩នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងចំនួន ២១១នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។
ថ្ងៃនេះ និស្សិតជ័យលាភីនឹងទទួលសញ្ញាបត្រចំនួន ៥កម្រិតផ្សេងគ្នា គឺថ្នាក់បរិញ្ញាបត្ររង ចំនួន ៣១០នាក់, ថ្នាក់បរិញ្ញាបត្រ ចំនួន ១ ១៤២នាក់, ថ្នាក់បសុវេជ្ជបណ្ឌិត ចំនួន ២០នាក់, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៣នាក់ និងថ្នាក់បណ្ឌិត ចំនួន ២នាក់។ ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ មាននិស្សិតអាហារូបករណ៍សរុបចំនួន ៦២៨នាក់ (នារី ២៥៨នាក់ ស្មើនឹង ៤១%) ដែលរួមបញ្ចូលនិស្សិតអាហារូបករណ៍ សម្តេចតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤០នាក់ (នារី ១៦នាក់ ស្មើនឹង ៤០%)ផងដែរ។
រយៈពេល៤០ឆ្នាំកន្លងមកនេះ គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបីបានរួមចំណែកកសាងធនធានមនុស្ស សរុបចំនួន ៣១ ៨៤១នាក់ (នារី ៨ ៤២២ នាក់ ស្មើនឹង ២៤%) ក្នុងនោះ ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន ១៤ ៩៨១នាក់, ដោយវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន ១១ ៦៥១នាក់ និងដោយវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ចំនួន ៥ ២០៩នាក់ ជាមួយនឹងអត្រានិស្សិតបញ្ចប់ការសិក្សាជាមធ្យមចំនួនប្រមាណ ៨០០នាក់ ក្នុងមួយឆ្នាំ ខណៈដែលគ្រឹះស្ថានទាំងបីកំពុងបន្តបណ្តុះបណ្តាលនិស្សិតចំនួន ៥ ៨៦២នាក់ ក្នុងឆ្នាំសិក្សា២០២៤- ២០២៥នេះ រួមទាំងនិស្សិតអាហារូបករណ៍ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១១៩នាក់ (នារី ៥៦នាក់) ផងដែរ។ ការស្ទង់មតិកន្លងមកបានឱ្យដឹងថា និស្សិតដែលបានបញ្ចប់ការសិក្សាប្រមាណ ៩៨,៨% ទទួលបានការងារធ្វើ ក្នុងនោះភាគច្រើនលើសលប់បម្រើការក្នុងវិស័យឯកជន, ៩៨៣នាក់ បានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ (ក្នុងនោះ ៧៦៣នាក់ ជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម, ១៤០នាក់ ជាអតីតនិស្សិត វិទ្យាជាតិកសិកម្មព្រែកលៀប និង ៨០នាក់ទៀត ជាអតីតនិស្សិតវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម) ខណៈដែល មួយចំនួនទៀតបានបង្កើតអាជីវកម្មដោយខ្លួនឯង។
ទន្ទឹមនឹងសមិទ្ធផលដ៏ធំធេងក្នុងការកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម គ្រឹះស្ថានឧត្តមសិក្សាទាំងបី ក៏បាននិងកំពុងជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍរយៈពេលវែងរបស់ខ្លួនយ៉ាងសកម្មផុលផុស និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ តាមរយៈការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តបន្ថែមគាំទ្រដល់ដំណើរការបណ្តុះបណ្តាល ការកែទម្រង់ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ន។
ជាក់ស្តែង ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ សាកលវិទ្យាល័យភូមិន្ទកសិកម្មបានសាងសង់ និងដាក់ឱ្យដំណើរការអគារសិក្សាមហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្មចំនួន ១ខ្នង, អគាររដ្ឋបាលចំនួន ១ខ្នង, មន្ទីរពេទ្យសត្វចំនួន ១ខ្នង និងផ្លូវបេតុងចំនួន ១ខ្សែ។ ជាមួយគ្នានេះ សាកលវិទ្យាល័យកំពុងសាងសង់អគារសិក្សា ពហុមុខងារចំនួន ១ខ្នង (កម្ពស់៥ជាន់ ដែលមានបន្ទប់ពិសោធន៍ បន្ទប់រៀន និងបន្ទប់ការិយាល័យចំនួន ៧៧បន្ទប់ និងបន្ទប់បណ្ណាល័យចំនួន ១បន្ទប់), អគារអន្តេវាសិកដ្ឋានចំនួន ២ខ្នង ដែលអាចដាក់គ្រែបានចំនួន ២៣២គ្រែ និងអគារមជ្ឈមណ្ឌលអន្តរជាតិបណ្តុះបណ្តាលការវះកាត់បសុសត្វចំនួន ១ខ្នង ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ សាកលវិទ្យាល័យបានកែលម្អ និងអភិវឌ្ឍកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀន ស្របតាមក្របខណ្ឌការអប់រំផ្អែកលើលទ្ធផល (outcome-based education), អនុវត្តប្រព័ន្ធធានាគុណភាពអប់រំផ្ទៃក្នុង, ធ្វើកំណែទម្រង់ការងារគ្រប់គ្រងរដ្ឋបាល គណនេយ្យហិរញ្ញវត្ថុ គ្រប់គ្រងបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស និង ចូលជាសមាជិកបណ្តាញសាកលវិទ្យាល័យអាស៊ានផងដែរ ក្នុងឆ្នាំ២០២៥នេះ។ ជាងនេះទៀត សាកលវិទ្យាល័យ បានអនុវត្តគម្រោងស្រាវជ្រាវកសិកម្មចំនួន ៨១គម្រោង, ចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ អន្តរជាតិជាដៃគូចំនួន ៧៩គ្រឹះស្ថាន និងបញ្ជូននិស្សិតជាង ២ ០០០នាក់ ទៅធ្វើកម្មសិក្សារយៈពេលខ្លី និងវែងនៅបរទេស ដូចជា អ៊ីស្រាអែល ជប៉ុន កូរ៉េ អាស៊ាន និងសហភាពអ៊ឺរ៉ុប។ល។ សាកលវិទ្យាល័យកំពុងអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សា វគ្គទី២ ឆ្នាំ២០២៥-២០៣០ ដែលមានទឹកប្រាក់ចំនួន ១១លានដុល្លារ ដែលជាគម្រោង វិនិយោគរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ដោយផ្តោតលើការកែលម្អការបង្រៀន ការស្រាវជ្រាវ ការពង្រឹងស្ថាប័ន និងសម្ភារៈបរិក្ខារហេដ្ឋារចនាសម្ព័ន្ធ។
ជាការពិតណាស់ សមិទ្ធផលជាច្រើនដែលក្រសួង និងគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបីសម្រេចបាននាពេលកន្លងមក ក្នុងការរួមចំណែកកសាងធនធានមនុស្សក្នុងវិស័យកសិកម្ម ពិតជាមិនអាចកាច់ផ្តាច់ចេញបានពីការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ទាំងក្នុងអាណត្តិកន្លងទៅ ក្រោមការដឹកនាំរបស់ សម្តេចតេជោ និងក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់ សម្តេចធិបតី។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអបអរសាទរក្មួយៗនិស្សិតជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែង រៀនសូត្រ និងជម្នះបាននូវរាល់ឧបសគ្គនានា រហូតបញ្ចប់ការសិក្សាដោយជោគជ័យ និងក្លាយ ជាធនធានមនុស្សដ៏សំខាន់ ក្នុងការរួមចំណែកបង្កើនល្បឿននៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច កម្ពុជាឱ្យកាន់ល្អប្រសើរថែមទៀតឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាតិ ឆ្នាំ២០៣០ និង ឆ្នាំ២០៥០។ លទ្ធផលដ៏ល្អប្រសើរដែលក្មួយៗសម្រេចបាននាពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ ចេញបានពីការគាំទ្រ ការទំនុកបម្រុង និងការលើកទឹកចិត្តពីសំណាក់ក្រុមគ្រួសារ និងមិត្តភ័ក្តិ ព្រមទាំងការលះបង់ និងការខិតខំប្រឹងប្រែងរបស់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ នោះឡើយ ហើយកាន់តែសំខាន់ជាងនេះទៀត គឺកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយដែល កម្ពុជាខិតខំប្រឹងប្រែងសម្រេចបានដោយលំបាក ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្ន ជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ដាច់ខាត ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាន៍វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្រ្តីរាជការ និងបុគ្គលិកសិក្សានៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី ដែលបានយកអស់ពេល វេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីចូលរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្ស ដែល ជាបុរេលក្ខខណ្ឌ និងមូលដ្ឋានគ្រឹះដ៏សំខាន់ បំផុតក្នុងការបង្កើនល្បឿននៃការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងបន្តទៀតថា ” ជាមួយគ្នានេះ ខ្ញុំពិតជាមានការពេញចិត្តពេញថ្លើមជាមួយនឹងសកម្មភាព យ៉ាងសស្រាក់ សស្រាំរបស់មន្រ្តីកសិកម្មឃុំទាំង ១,៦០០នាក់ នៅទូទាំងប្រទេស ដែលត្រូវបានជ្រើសរើស ក្នុងនោះ មន្រ្តីកសិកម្មឃុំចំនួន ១,២២៨នាក់ បាន និងកំពុងផ្តល់សេវា គាំទ្របច្ចេកទេស ប្រមូល ទិន្នន័យ តម្រង់ទិសផលិតកម្មកសិកម្ម ក្តាប់បញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ ជាពិសេស ការជួយរកទីផ្សារ និងសម្របសម្រួលការលក់ស្រូវរបស់បងប្អូនប្រជាកសិករ។
ក្រៅពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអនុវត្តបានដោយជោគជ័យ ក្នុងការ បង្កើតសហគមន៍កសិកម្មទំនើបចំនួន១៦ នៅក្នុងខេត្តចំនួន១០ លើមុខដំណាំស្រូវ, បន្លែ, ម្រេច និងស្វាយចន្ទី ដែលរូបខ្ញុំរំពឹងថានឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត នាពេលខាងមុខ។ កត្តា គួរឱ្យកត់សម្គាល់គឺ កសិករដែលសមាជិកសហគមន៍កសិកម្មទំនើប មិនជួបបញ្ហាទីផ្សារ និងតម្លៃទេ ដោយសារបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាតាំងពីដើមរដូវដាំដុះ ជាមួយដៃគូដែលក្រសួងបានជួយរៀបចំជូន និងទទួលបានតម្លៃល្អ។ ខ្ញុំសូមយកឱកាសនេះអំពាវនាវ និងលើកទឹកចិត្តបងប្អូនកសិករឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីរាជរដ្ឋាភិបាល និង ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចផ្តល់ការគាំទ្រ កាន់តែច្រើនថែមទៀតលើការកាត់បន្ថយថ្លៃដើមផលិត ការជួយរកទីផ្សារ និងការធានាតម្លៃ សមរម្យដែលជាដំណោះស្រាយរយៈពេលវែងដើម្បីធានាប្រាក់ចំណេញសមរម្យសម្រាប់បងប្អូន ក្នុងមុខរបរកសិកម្ម”។
ពិធីចែកសញ្ញាបត្រនាដល់និស្សិតទាំង ១,៤៨៧នាក់ នាថ្ងៃនេះ គឺជាសក្ខីភាពមួយទៀតនៃជោគជ័យ របស់គ្រឹះស្ថានឧត្តមសិក្សាទាំងបី ក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានទាំង៣បន្តកិច្ចខិតខំបន្តទៀត និងសូម ផ្តល់នូវអនុសាសន៍មួយចំនួន ដល់គ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំងបី និងក្មួយៗនិស្សិត ទាំងអស់ ដូចខាងក្រោម ៖
ទី១៖ ត្រូវបន្តជំរុញលើកកម្ពស់គុណភាពការសិក្សា ដោយធ្វើទំនើបកម្មកម្មវិធីសិក្សាឆ្ពោះទៅកាន់ការធ្វើកសិកម្មទំនើបឌីជីថល និងបច្ចេកវិទ្យាសិប្បនិម្មិត (AI), បង្កើនសមត្ថភាព សាស្ត្រាចារ្យ និងលោកគ្រូ អ្នកគ្រូ, បំពាក់សម្ភារៈឧបករណ៍ចាំបាច់ និងទាញយកសក្តានុពលឱ្យអស់ពីលទ្ធភាពពីគម្រោងកែលម្អការអប់រំឧត្តមសិក្សា ទី២ (2nd Higher Education Improvement Project-HEIP 2) ដែលរាជរដ្ឋាភិបាលបានចូលរួមថវិកាវិនិយោគ លើការកែលម្អការអប់រំឧត្តមសិក្សានៅកម្ពុជា ដើម្បីអប់រំបណ្តុះបណ្តាលនិស្សិត ឱ្យស្របទៅនឹងតម្រូវការ ទីផ្សារការងារ។
ទី២៖ ត្រូវបង្កើនការស្រាវជ្រាវ និងអនុវត្តផ្ទាល់ឱ្យបានកាន់តែច្រើនថែមទៀតសម្រាប់និស្សិត ដោយអភិវឌ្ឍមាតិកាស្រាវជ្រាវល្អៗលើមុខជំនាញឯកទេស ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និង ការអនុវត្តជាក់ស្តែង និងបង្កើតជាកញ្ចប់បច្ចេកវិទ្យា និងសេវាកម្ម ដើម្បីជួយគាំទ្រ និង ផ្តល់ដំណោះស្រាយដល់កសិករ និងវិស័យឯកជន នៅក្នុងខ្សែច្រវាក់ផលិតកម្ម ចាប់តាំង ពីការដាំដុះ រហូតដល់ការកែច្នៃជាផលិតផលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។ ទន្ទឹមនេះ ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីបង្កើនឱកាសដល់និស្សិតក្នុងការចុះកម្មសិក្សា និង អនុវត្តផ្ទាល់។
ទី៣៖ ក្មួយៗនិស្សិតជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងបច្ចេកទេសដែលទទួលបានពីការរៀនសូត្រ ទៅអនុវត្តក្នុងជំនាញវិជ្ជាជីវៈរបស់ខ្លួនឱ្យបានជោគជ័យ។ ទន្ទឹមនឹងនេះ សូមក្មួយៗចងចាំថា ការរៀនសូត្រ មិនមែនមានតែនៅសាលា ឬចប់ត្រឹមពេលទទួល សញ្ញាបត្រនោះទេ។ ការរៀនសូត្រគឺគ្មានដែនកំណត់ ឬទីបញ្ចប់នោះឡើយ ដូច្នេះនៅក្នុង ជីវិតការងារ ក្មួយៗនឹងត្រូវបន្តរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពថែមទៀត ដើម្បីប្រសិទ្ធភាព ការងារ និងប្រាក់ចំណូល និងក្លាយជាពលរដ្ឋសកម្មក្នុងការរួមចំណែកជំរុញការអភិវឌ្ឍ ជាតិមាតុភូមិកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី



















