Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចសន្ទនាអន្តរកម្ម ជាមួយក្រុមការងារស្តីពីការឃុំខ្លួនតាមអំពើចិត្ត ពាក់ព័ន្ធនឹងទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួនទាំង១៨នាក់

ហ្សឺណែវ ៖ នៅវេលាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តម ឯកអគ្គរាជទូត អុិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចសន្ទនាអន្តរកម្មជាមួយក្រុមការងារស្តីពីការឃុំខ្លួនតាមអំពើចិត្ត ពាក់ព័ន្ធនឹងទាហានកម្ពុជាដែលត្រូវបានចាប់ខ្លួនទាំង១៨នាក់។

ឯកឧត្តម ឯកអគ្គរាជទូតបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តឃុំខ្លួនទាហាន ដែលត្រូវបានចាប់ខ្លួនក្នុងឯកសណ្ឋានដោយប្រទេសថៃ ភ្លាមៗបន្ទាប់ពីបទឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដា។ ស្ថានភាពឈ្លើយសឹករបស់ពួកគាត់ត្រូវបានកំណត់យ៉ាងច្បាស់លាស់នៅក្រោមអនុសញ្ញាទីក្រុងហ្សឺណែវទីបី។ មាត្រា ១១៨ តម្រូវឱ្យមានការដោះលែងនិងមាតុភូមិនិវត្តន៍ “ដោយគ្មានការពន្យារពេលបន្ទាប់ពីការបញ្ឈប់នៃអរិភាពសកម្ម”។

ការបន្តឃុំឃាំងណាមួយ ទោះបីក្រោមលេសនៃការសួរចម្លើយ ឬការការពារអរិភាពក្នុងពេលអនាគត ត្រូវចាត់ទុកថាជាការបង្ខាំងដោយខុសច្បាប់ ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរនៃអនុសញ្ញា ដែលមិនត្រឹមតែតម្រូវឱ្យមានការទទួលខុសត្រូវអន្តរជាតិរបស់រដ្ឋដែលកំពុងធ្វើការឃុំខ្លួននោះទេ តែក៏តម្រូវឱ្យមានការទទួលខុសត្រូវព្រហ្មទណ្ឌបុគ្គលក្រោមលក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិផងដែរ។

ឯកឧត្តម ឯកអគ្គរាជទូតបានសង្កត់ធ្ងន់ថា ការការពារដែលត្រូវធ្វើឡើងចំពោះអ្នកឈ្លើយសឹកមិនមែនបញ្ចប់ត្រឹមតែការព្យាបាលដោយមនុស្សធម៌ក្នុងអំឡុងពេលឃុំខ្លួននោះទេ តែក៏រួមបញ្ចូលការដោះលែងភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។

ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យក្រុមប្រឹក្សាប្រឹក្សាសិទ្ធិមនុស្ស និងក្រុមការងារស្តីពីការឃុំខ្លួនតាមអំពើចិត្តប្រកាន់ភា្ជប់នូវគោលការណ៍ទាំងនេះ និងទាមទារឱ្យដោះលែងទាហានដែលជាប់ឃុំទាំង១៨ ជាបន្ទាន់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×