Wednesday, October 1, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងព័ត៌មាន រៀបចំឡើងដោយក្រសួងព័ត៌មាន និង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្ធពិធីបើកនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ នាសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។

ឯកឧត្តម ថុង គន្ធយុឡេង នាយករងខុទ្ទកាល័យ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាននៃគណៈកម្មការទទួល បន្ទុកផ្សព្វផ្សាយអប់រំ បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាននាឱកាសនេះ គឺជាវេទិកាដ៏មានសារៈសំខាន់ក្នុងការកសាងនូវចលករ និងជាអ្នកនាំសារល្អៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ ឯកឧត្តម ថុង គន្ធយុឡេង បានគូសបញ្ជាក់អំពីតួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន ថាតើមានអ្វីខ្លះ និងបានធ្វើអ្វីខ្លះ សម្រាប់កិច្ចការងារអប់រំ និងផ្សព្វផ្សាយស្តីពីបញ្ហាគ្រឿងញៀន ក្រៅពីមុខងារស្នូលរបស់ខ្លួន។ ក្រៅពីដើរតួនាទីជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល និងស្ថាប័នគ្រប់គ្រប់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ក្រសួងព័ត៌មានបានអនុវត្តដោយសកម្ម បុរេសកម្ម និងអន្តរសកម្ម ក្នុងការ គ្រប់គ្រងសាធារណមតិជាតិ និងអន្តរជាតិ ជាពិសេសធានាឱ្យបាននូវសន្តិសុខព័ត៌មាននៅកម្ពុជា តួយ៉ាង ធានាបាននូវការទទួលបាននូវព័ត៌មានដោយមិនមានការរើសអើង ព័ត៌មានដែលមានគុណភាព និងព័ត៌មានពិត។ ក្រសួងព័ត៌មាន បានរួមចំណែកក្នុងការងារអប់រំ ផ្សព្វផ្សាយ ពាក់ព័ន្ធទៅនឹងបញ្ហាគ្រោះថ្នាក់ ចរាចរណ៍ បញ្ហាជួញដូរមនុស្ស បញ្ហាគ្រឿងស្រវឹង និងជាពិសេសបញ្ហាគ្រឿងញៀននេះតែម្តង។

ក្នុងក្របខណ្ឌនៃការងារផ្សព្វផ្សាយអប់រំស្តីពីបញ្ហាគ្រឿងញៀន ក្រសួងព័ត៌មាន បានអនុវត្តជាប្រចាំតាមរយៈកម្មវិធី ទូរទស្សន៍ និងវិទ្យុ ដែលតែងតែបញ្ជ្រាបនូវសារអប់រំល្អៗស្តីពីបញ្ហាគ្រឿងញៀន។ ក្នុងនោះក្នុងឆ្នាំ២០២៤ ក្រសួងព័ត៌មាន ក៏បានរៀបចំវគ្គបណ្តុះបណ្តាលលើបញ្ហាគ្រឿងញៀននេះ ម្តងរួចមកហើយ ដែលកាលនោះ មានសិក្ខាកាមដែលជាអ្នកសារព័ត៌មាន និងពិធីករ-ពិធិការិនី ប្រមាណជិត ៣០០ នាក់។
សម្រាប់វគ្គបណ្តុះបណ្តាលនាឱកាសនេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ទី០២ តុលា ឆ្នាំ២០២៥ ដែលមានសិក្ខាកាមចូលរួមសរុបទាំងអស់ចំនួន ១៦០រូប ដែលជាមន្ត្រីទទួលបន្ទុកកិច្ចការងារព័ត៌មាននៃអង្គភាពចំណុះក្រសួងព័ត៌មាន ចំនួន ៩៣រូប អ្នកសារព័ត៌មានចំនួន ១៨រូប (មកពីអង្គភាពចំនួន ១០) ពិធីករ-ពិធីការិនី ចំនួន ២១រូប (មកពីស្ថានីយ៍ទូរទស្សន៍និងវិទ្យុ ចំនួន៦) សិល្បៈករ-សិល្បៈការិនី ចំនួន ១០រូប និងអ្នកបង្កើតមាតិកាដែលមានប្រជាប្រិយភាពលើបណ្តាញ ទំនាក់ទនងសង្គម (ក្នុងនោះរួមមានអ្នកផលិតមាតិកាពាក់ព័ន្ធនឹងចំណេះដឹងទូទៅ សុខភាព កីឡា ម្ហូប អាហារជាដើម-ល-) មានចំនួន ១៨រូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណចំពោះក្រសួងព័ត៌មាន បណ្តាស្ថានីយ៍ទូរទស្សន៍ វិទ្យុ សារព័ត៌មាន សិល្បករសិល្បការនី អ្នកបង្កើតមាតិកា អ្នកមានប្រជាប្រិយ រួមនឹងបណ្តាអង្គភាពនិងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាជាប្រព័ន្ធជវភាពតួអង្គតែមួយ ធ្វើការដូចភ្លៀងរលឹមក្នុងចលនាផ្សព្វផ្សាយអប់រំដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងរយៈពេលកន្លងមក៕រក្សាសិទ្ធដោយ៖សិទ្ធលី

×