Wednesday, May 25, 2022

កូរ៉េខាងជើង​អាច​បាញ់​បង្ហោះ​កាំជ្រួច ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​

ជប៉ុន​ទទួលបាន​សញ្ញា​វិទ្យុ ដែល​បង្ហាញឲ្យឃើញថា កូរ៉េខាងជើង​អាច​កំពុង​ត្រៀម​បម្រុង​សម្រាប់​ការសាកល្បង​កាំជ្រួច​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ សារព័ត៌មាន Kyodo បាន​ដកស្រង់​ប្រភព​ច្បាស់ការ​ឲ្យ​ថ្ងៃ ២៨/១១​នេះ​។

ករណី​បាញ់​បង្ហោះ​កាំជ្រួច​មួយ​របស់​កូរ៉េខាងជើង​

​សារព័ត៌មាន Kyodo បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​ជប៉ុន ឲ្យដឹងថា ពួកគេ​បាន​ទទួល​នូវ​សញ្ញា​វិទ្យុ បង្ហាញឲ្យឃើញថា កូរ៉េខាងជើង​កំពុង​មមាញឹក​សម្រាប់​ការត្រៀម​បម្រុង​សាកល្បង​កាំជ្រួច​មួយ​។ Kyodo ដដែល​បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជ​ប៉ុន​ម្នាក់​ឲ្យដឹងថា “​មានលទ្ធភាព​”​ជាច្រើន​ដែល​កូរ៉េ​ខាងជើង​នឹង​សាកល្បង​កាំជ្រួច​អំឡុង​ប៉ុន្មាន​ថ្ងៃ​ទៀត​”​។​

​ប៉ុន្តែ​ប្រភព​ខាងលើ ពុំ​បាន​បញ្ជាក់​ច្បាស់លាស់​អំពី​កាំជ្រួច​នោះ​ជា​ប្រភេទ​អ្វី ហើយ Kyodo ដដែល លើកឡើងថា សញ្ញា​វិទ្យុ​ទាំងនោះ​ក៏​អាច​ផ្តើមចេញពី​វគ្គ​ហ្វឹកហ្វឺន​រដូវរងា​របស់​កូរ៉េខាងជើង​។​

​មជ្ឈដ្ឋាន​ឃ្លាំ​មើល​របស់​អាមេរិក​ឲ្យដឹងថា ពួកគេ​កំពុង​តាមដាន​យ៉ាង​ជិតស្និទ្ធ​សកម្មភាព​ខាងលើ ។ ព័ត៌មាន​ខាងលើ​ត្រូវបាន​លើកឡើង​ក្នុង​បរិបថ “​កូរ៉េខាងជើង​សម្ងំស្ងៀម​” ក្នុងអំឡុង ២ ខែ​កន្លងមក ហើយ​ក្រុម​មន្ត្រី​អាមេរិក​បារម្ភ​ថា ក្រុង​ព្យុងយ៉ាង​អាច​កំពុង​រៀបចំ​ការសាកល្បង​កាំជ្រួច​យ៉ាង​ស្ងៀមស្ងាត់​ពុំ​ធ្លាប់​មាន​មួយ ឬ​អាច​សាកល្បង​នុយក្លេអ៊ែរ​ក្នុង​លំហ​អាកាស​ដោយ​ពុំ​បាន​ព្រមាន​ទុក៕ ដោយ ៖ សូយន