ភ្នំពេញ ៖ រដ្ឋសភា បានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ថា រដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ នៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខ ដើម្បីផ្តល់សុពលភាពដល់សមាជិកថ្មីទាំង៣៨រូប ដែលមកជំនួសអ្នកដែលលាលែង ពីតំណាងរាស្ត្រចេញទៅបំពេញការងារតាមស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា។
បើតាមសេចក្តីជូនដំណឹង លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកញ្ញា ខាងមុខរដ្ឋសភានឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋភា ដើម្បីធ្វើការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោត តំណាងរាស្ត្រចំនួន៣៨រូប នីតិកាលទី៦ នៃរដ្ឋសភា។
បើតាមប្រសាសន៍ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានប្រាប់អ្នកសារព័ត៌មានថា ការផ្តល់សុពលភាពដល់សមាជិករដ្ឋសភាថ្មីទាំង ៣៨រូបនេះ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចទទួលស្គាល់ រួចរាល់តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា មុនបញ្ជូនបញ្ជីឈ្មោះមកកាន់រដ្ឋសភា។ បន្ទាប់មកទៀត លេខាធិការដ្ឋានរដ្ឋសភានឹងរៀបចំឱ្យតំណាងរាស្ត្រីថ្មីទាំង ៣៨រូបនេះ ទៅចូលស្បថចូលកាន់តំណែងនៅព្រះបរមរាជវាំង តាមនីតិវិធីច្បាប់ដែលមានចែង ហើយនៅ ពេលព្រឹកថ្ងៃទី១៩ ខែកញ្ញាខាងមុខដែរ រដ្ឋសភានឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ម្តងទៀត ដើម្បីសម្រេចពីរបៀបវារៈបន្ត ដើម្បីបញ្ចូលសមាជិកសភាថ្មី ក៏ដូចជាសមាជិកសភាចាស់ចូល ទៅក្នុងគណៈកម្មការនីមួយៗ ដែលជាសមាជិករបស់គណៈកម្មការ ក្នុងបំណងបែងចែកការ ងារធ្វើទៅតាមគណៈកម្មការជំនាញនីមួយៗ។ បន្ទាប់មកនឹងមានការបោះឆ្នោតក្នុង គណៈកម្មការ ដើម្បីជ្រើសលេខាធិការរបស់គណៈកម្មការជំនាញ ឬជ្រើសរើស អនុប្រធាន គណៈកម្មការជំនាញនីមួយៗ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា បេក្ខជនតំណាង រាស្ត្រថ្មីចំនួន៣៨រូប ដែលត្រូវបានទទួលស្គាល់នេះ គឺមាននៅមណ្ឌលបាត់ដំបងចំនួន២រូប មណ្ឌលកំពង់ចាមចំនួន៤រូប មណ្ឌលកំពង់ឆ្នាំងចំនួន៣រូប មណ្ឌលកំពង់ស្ពឺចំនួន៣រូប មណ្ឌលកំពង់ធំចំនួន១រូប មណ្ឌលកណ្តាល៥រូប មណ្ឌលក្រចេះចំនួន១រូប មណ្ឌលរាជធានីភ្នំពេញចំនួន៤រូប មណ្ឌលព្រៃវែងចំនួន៥រូប មណ្ឌលពោធិ៍សាត់ចំនួន៣រូប មណ្ឌលព្រះសីហនុចំនួន២រូប មណ្ឌលកែបចំនួន១រូប មណ្ឌលតាកែវចំនួន១រូប មណ្ឌលឧត្តរមានជ័យចំនួន១រូប និងមណ្ឌលត្បូងឃ្មុំចំនួន២រូប៕ ដោយ៖កូឡាប