នាថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង( PMU MoWRAM) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រី ក្នុងការគ្រប់គ្រងវិស័យធនធានទឹកប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព ឧត្តមភាព និងឯករាជ្យភាពពេញលេញ ក្រុមការងារបច្ចេកទេសក្រសួងបានចុះធ្វើការពិនិត្យជាក់ស្តែង និងរៀបចំយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងការគ្រប់គ្រងវិស័យធនធានទឹកក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ក្រុមការងារសាងសង់ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពស្របទៅតាមបទដ្ឋាន និងនិយាមឱ្យត្រឹមត្រូវ ជាពិសេសពន្លឿនកិច្ចការការងារសាងសង់ ដោយគិតគូរឱ្យបានហ្មត់ចត់លើការងារបរិស្ថាន សុវត្ថិភាពបុគ្គលិក កន្លែងស្នាក់នៅ កន្លែងធ្វើការ និងបន្ទប់អនាម័យ៕រក្សាសិទ្ធដោយ៖សុទ្ធលី












