ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសារមន្ទីរជាតិកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលវត្ថុសិល្បៈខ្មែរចំនួន២៩៦វត្ថុ ពីលោកបណ្ឌិត István Zelnik ជនជាតិហុងគ្រី ដើម្បីរក្សាទុកជាសម្បត្តិជាតិនៅសារមន្ទីរជាតិកម្ពុជា។
វត្ថុបុរាណទាំងនេះ រួមមាន៖ កងដៃលោហៈ កាក់ កងដៃកែវ បណ្តុំអង្គាំលឿង បណ្តោងកែវ អង្កាំកែវ ក្រវិលកែវ ពុម្ពថ្ម កងដៃកញ្ចក់ អង្កាំដីដុត ពុម្ពឬត្រាដីដុត ប្រដាប់បុកស្លា និងចង្កៀងខ្លាញ់ត្រីអំពីប្រាក់ និងវាយនភណ្ឌ ដែលមានអាយុកាលតាំងពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់ស.វ.ទី២០ ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងចំណោមវត្ថុដែលលោកបណ្ឌិតបានប្រគល់មកនេះ មានសមុច្ច័យវាយនភណ្ឌចំនួន១៨៣ផ្ទាំង ដែលមានសារសំខាន់បំផុតសម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគត ដើម្បីឈ្វែងយល់ពីមូលដ្ឋានក្បាច់នានាដែលដូនតាខ្មែរបានបន្សល់ទុក។ កន្លងមក លោកបណ្ឌិត Zelnik ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរជូនសារមន្ទីរជាតិកម្ពុជា តាំងពីឆ្នាំ២០១១មក ដែលមានចំនួនសរុប ២២២វត្ថុ រួមមានវត្ថុធ្វើពី ថ្ម កុលាលភាជន៍ និងលោហៈជាដើម។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកបណ្ឌិត Zelnik ដែលប្រគល់វត្ថុសិល្បៈខ្មែរទាំងនេះត្រឡប់មកជូនកម្ពុជាវិញ។ ក្រសួងក៏សូមថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស លោក Bradley J. Gordon នៃEdenbridge Asia និងសហការី ដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួង ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ត្រឡប់មកវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










