Wednesday, December 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងវប្បធម៌ ស្នើឲ្យអង្គការយូណេស្កូបញ្ជូនអ្នកជំនាញចុះពិនិត្យ វាយតម្លៃផ្ទាល់ដោយឯករាជ្យ អំពីការខូចខាតមកលើប្រាសាទព្រះវិហារ ដោយការប៉ះទង្គិចតាមព្រំដែន

នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានដឹកនាំគណ:ប្រតិភូកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ។

នាឱកាសក្នុងកិច្ចជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យបានសម្តែងនូវការអបអរចំពោះឯកឧត្តម Khaled Ahmed El-Enany Ali Ezz ដែលត្រូវបានអង្គមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូបោះឆ្នោតតែងតាំងជាអគ្គនាយកនៃស្ថាប័នដ៏មានសារ:សំខាន់នេះ។ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានសម្តែងនូវការប្ដេជ្ញាចិត្តរបស់ប្រទេសកម្ពុជាក្នុងនាមជារដ្ឋសមាជិកក្នុងការសហការ អនុវត្តកម្មវិធី និងគោរពតាមគោលការណ៍សំខាន់ៗរបស់អង្គការយូណេស្កូ។
ជាពិសេស កិច្ចសហការរវាងកម្ពុជានិងអង្គការយូណេស្កូបានក្លាយជាកិច្ចសហការប្រកបដោយជោគជ័យទាំងក្នុងទម្រង់អនុវត្តនៃយន្តការអាយស៊ីស៊ីអង្គរ សំបូរព្រៃគុក និងព្រះវិហារ ក៏ដូចជាទម្រង់កិច្ចសហការនៃកិច្ចការពារ លើកតម្លៃ និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកទាំងរូបីនិងអរូបី។

ទន្ទឹមនេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានលើកអំពីកង្វល់របស់កម្ពុជាចំពោះការសាងសង់ចម្លង​ប្រាសាទ​អង្គរវត្តរបស់ប្រទេសជិតខាង និងបានអំពាវនាវឲ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ព្រមទាំងក្រុមប្រឹក្សាអ្នកច្បាប់អង្គការយូណេស្កូសិក្សាអំពីយន្តការគតិយុត្តនានានៃស្មារតីអនុសញ្ញាឆ្នាំ១៩៧០ និងអនុសញ្ញាឆ្នាំ១៩៧២ដើម្បីទប់ស្កាត់បញ្ហានេះ។ ​ ​ បន្ថែមពីលើនេះទៀត លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានពិភាក្សាអំពីលទ្ធភាពក្នុងការបញ្ជូនអ្នកជំនាញការរបស់អង្គការយូណេស្កូចុះពិនិត្យ វាយតម្លៃផ្ទាល់ដោយឯករាជ្យអំពីការខូចខាតមកលើប្រាសាទព្រះវិហារដោយការប៉ះទង្គិចតាមព្រំដែននាពេលកន្លង។

ឯកឧត្តម Khaled Ahmed El-Enany Ali Ezz បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និងបានកោតសរសើរកម្ពុជាក្នុងនាមជារដ្ឋសមាជិកដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយអង្គការយូណេស្កូនាពេលកន្លងមក។ ឯកឧត្តម ក៏បានបញ្ជាក់អំពីគោលបំណងក្នុងការបន្តនូវរាល់កិច្ចសហការជាមួយកម្ពុជា ក៏ដូចជាពិនិត្យទៅលើកិច្ចការមួយចំនួនដែលជាការព្រួយបារម្ភរបស់កម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×