Tuesday, December 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈឱសថការីកម្ពុជា សម្រេចផ្អាកអាជ្ញាបណ្ណម្ចាស់ឱសថស្ថានប៊ីយូឃែរ ១២ខែ ក្រោយរកឃើញកំហុសវិជ្ជាជីវៈ ដកថ្នាំពីអ្នកជំងឺវិញព្រោះខ្វះលុយ ៥០០រៀល

ភ្នំពេញ ៖ ការផ្អាកអាជ្ញាបណ្ណនេះ គឺពាក់ព័ន្ធនឹងករណីម្ចាស់ឱសថស្ថានបានដកថ្នាំពីអ្នកជំងឺវិញព្រោះខ្វះលុយ ៥០០រៀល ដែលផ្ទុះការរិះគន់ពេញបណ្តាញសង្គម ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ បុរសម្នាក់បានទៅទិញថ្នាំរមាស់ក្បាល ពីឱសថស្ថានប៊ីយូឃែរ ហើយត្រូវបានអ្នកគ្រូពេទ្យម្នាក់ផ្សំថ្នាំឲ្យក្នុងតម្លៃ១៣៥០០រៀល ប៉ុន្តែអ្នកទិញថ្នាំនោះមានលុយតែ១៣០០០រៀល ហើយត្រូវបានអ្នកគ្រូពេទ្យដកយកថ្នាំវិញព្រោះលុយមិនគ្រប់ដោយខ្វះ៥០០រៀល។

គណៈឱសថការីកម្ពុជា នាថ្ងៃទី២ ធ្នូ បានសម្រេចផ្អាកអាជ្ញាបណ្ណឱសថការី ចំនួន១២ខែ ដោយមិនអនុញ្ញាតិឱ្យប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ លើឱសថស្ថានមួយកន្លែង ក្រោយរកឃើញថា ប្រព្រឹត្តខុសក្រមសីលធម៌ឱសថការី។

គណៈឱសថការីកម្ពុជា សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ករណីឱសថស្ថានមួយកន្លែងដែលបានបង្ហោះវីដេអូលើបណ្ដាញសង្គមកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងអតិថិជនម្នាក់មកទិញឱសថតម្លៃ១៣៥០០រៀល ហើយអតិថិជនសុំតថ្លៃ១៣០០០រៀល តែម្ចាស់ ឱសថស្ថានមិនព្រមចុះថ្លៃជូន និងបានយកថ្នាំត្រលប់មកវិញ។

ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ១ បាន អញ្ជើញលោកស្រីឱសថការី ម្ចាស់ឱសថស្ថានប៊ីយូឃែរ ដែលមានអាសយដ្ឋានលើមហាវិថីចោមចៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាអ្នកបង្ហោះវីដេអូ និងជាឱសថការីទទួលបន្ទុក បច្ចេកទេសមកសាកសួរ និងបំភ្លឺលើករណីខាងលើ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥។

បន្ទាប់ពីបានធ្វើការសាកសួរ និងអង្កេតស្រាវជ្រាវរួចមក បានរកឃើញថា លោកស្រីឱសថការី គឹម សុជាតា ម្ចាស់ឱសថស្ថានប៊ីយូបែរ ពិតជាបានប្រព្រឹត្តកំហុសឆ្គង និងបានទទួលស្គាល់កំហុសរបស់ខ្លួន ដោយសូមសន្យា៖ ទី១-ធ្វើការសុំទោសជាសាធារណៈនូវកំហុសឆ្គងដែលបានប្រព្រឹត្ត ទី២-នឹងគោរពក្រមសីលធម៌ឱសថការីឱ្យបានខ្ជាប់ខ្ជួន ទី៣-ប្រសិនបើប្រព្រឹត្តផ្ទុយនឹងការសន្យាខាងលើ លោកស្រីនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ដោយយោងលើការប្រព្រឹត្តខុសក្រមសីលធម៌ឱសថការី ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ១ បាន សម្រេចផ្អាកអាជ្ញាបណ្ណឱសថការី ចំនួន១២ខែ ដោយមិនអនុញ្ញាតិឱ្យប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជ សាស្ត្រចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ជាមួយគ្នានោះដែរឈោ្មះ គឹម សុជាតា ម្ចាស់ឱសថស្ថាន ប៊ីយូឃរ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានចេញលិខិតសូមទោសជាសាធារណៈ។
បុគ្គល គឹម សុជាតា បានបញ្ជាក់ថា នាងខ្ញុំជាម្ចាស់ឱសថស្ថាន ប៊ីយ៉ូឃ សូមគោរពជូនសាធារណជនជាទីគោរពទាំងអស់។ នាងខ្ញុំសូមខន្តីអភ័យទោសជាសាធារណៈ ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង ដែលមានការ បង្ហោះវីដេអូ/ព័ត៌មានទាក់ទងនឹងការផ្តល់សេវាកម្មនៅឱសថស្ថានរបស់យើងខ្ញុំ ចំពោះអតិថិជន ម្នាក់ (ពូ) ដែលបានមកស្វែងរកថ្នាំព្យាបាលរោគសញ្ញារមាស់ និងអង្គលើក្បាល។
នាងខ្ញុំទទួលស្គាល់ថា ព្រឹត្តិការណ៍នោះបានបង្កឱ្យមានការអន់ចិត្ត ការរំខានអារម្មណ៍ ការមិនសប្បាយចិត្តពីសាធារណជន ជាពិសេសចំពោះពូ និងគ្រួសារ និងប៉ះពាល់ដល់ កិត្តិយស ក្រសួងសុខាភិបាល គណៈឱសថការីកម្ពុជា និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់។នោះ។
នាងខ្ញុំសូមទោសពីចិត្តពិត ចំពោះការប្រតិបត្តិ និងការប្រាស្រ័យទាក់ទងដែលមិនសមរម្យ នាងខ្ញុំស្តាប់យោបល់ពីសាធារណៈជន និងយល់ឃើញច្បាស់ថា ការផ្តល់សេវាកម្ម សុខាភិបាលគួរតែគោរពលើសីលធម៌វិជ្ជាជីវៈ(ក្រមសីលធម៌ឱសថការី ក្តីមេត្តាករុណា និងការអនុគ្រោះដល់អ្នកប្រើសេវា ដោយគ្មានការរើសអើងណាមួយឡើយ។
ដើម្បីជាការកែលម្អលើកក្រោយ នាងខ្ញុំបានធ្វើ និងកំពុងធ្វើការពង្រឹងគុណវុឌ្ឍវិជ្ជាជីវៈ និង ការត្រួតពិនិត្យគុណភាពសេវាកម្មជាប្រចាំ។ នាងខ្ញុំសូមអរគុណចំពោះសាធារណៈជនដែលបាន ផ្តល់យោបល់ និងការព្រួយបារម្ភ ព្រមទាំងសូមមេត្តាទទួលយកការសូមទោសជាផ្លូវការរបស់ នាងខ្ញុំ ដោយសង្ឃឹមថានឹងទទួលបានការអភ័យទោស និងផ្ដល់ឱកាសក្នុងការកែលម្អជាថ្មី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×