ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខបមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នាចេញសេចក្ដីប្រកាសព័ត៌មានរួមស្តីពី
លទ្ធផលកិច្ចប្រជុំតី-វិស័យលើកទី ៥ កសិកម្ម-ទឹក-ជនបទ។
នាព្រឹកថៃ្ងព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានរួមគ្នាដឹកនាំកិច្ចប្រជុំត្រី-វិស័យលើកទី៥ ស្ដីពី កសិកម្ម-ទឹក-ជនបទ ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្របសម្រួលការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព
និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ តំណាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ លេខាធិការដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងទាំង៣។
ក្នុងប្រសាសន៍ស្វាគមន៍ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពការងារគួរឱ្យកត់សម្គាល់ ដែលយន្តការត្រី-វិស័យសម្រេចបានក្នុងពេលកន្លងមក រួមមាន៖ ការចាប់ផ្តើមអនុវត្តកិច្ចអន្តរាគមន៍រួមគ្នានៅក្នុងសហគមន៍ចំនួន៣ និងបានបន្តកើនឡើងដល់៥សហគមន៍ នៅ ចុងឆ្នាំ២០២៥នេះ ហើយក៏ត្រៀមបញ្ចូលសហគមន៍មានសក្តានុពលចំនួន៥បន្ថែមទៀត ទៅក្នុងផែនការឆ្នាំ ២០២៦ ព្រមទាំងគ្រោងបញ្ចូលសហគមន៍អាទិភាពជាបន្តបន្ទាប់ទៀត នៅក្នុងផែនការសកម្មភាពរយៈពេលវែង របស់ខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា យន្តការត្រី-វិស័យ បានប្រែក្លាយគំនិតផ្តួចផ្តើម ទៅជាយន្តការអចិន្ត្រៃយ៍ ដើម្បីសម្របសម្រួលការអនុវត្តផែនការអភិវឌ្ឍន៍យូរអង្វែងរវាងវិស័យទាំង៣ ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅគាំទ្រដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករនៅទីជនបទ និងការអភិវឌ្ឍផ្ទាល់នៅតាមសហគមន៍មូលដ្ឋាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពី សារៈសំខាន់នៃវត្តមានរបស់ក្រសួងសំខាន់ចំនួន២ទៀតផងដែរគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាតួអង្គ គាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ និងក្រសួងទេសចរណ៍ ជាតួអង្គបំពេញបន្ថែមសម្រាប់ការអភិវឌ្ឍជា លក្ខណៈពហុវិស័យដល់សហគមន៍ជនបទ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងការសាទរចំពោះ លទ្ធផលនៃការងារត្រី-វិស័យដែលសម្រេចបានគួរជាទីកត់សម្គាល់ ហើយ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានសង្កត់ធ្ងន់ ពីសារៈសំខាន់នៃការប្រើប្រាស់ថវិកាក្រសួងទាំងបីក្នុងវិស័យរបស់ខ្លួន ដើម្បីពង្រឹង និងលើកកម្ពស់សមិទ្ធកម្ម ក៏ដូចជាកំណត់ឱ្យចំគោលដៅនៅមូលដ្ឋាន សំដៅបង្កើតសមិទ្ធផលរួមគ្នាក្នុងការបម្រើឱ្យការងារកសិកម្ម ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងការសាទរចំពោះការខិតខំ ប្រឹងប្រែង និងកិច្ចសហការរបស់ក្រសួងទាំង៣ ដើម្បីធ្វើឱ្យគំនិតផ្តួចផ្តើមលេចចេញជាផ្លែផ្កា។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរបស់ក្រសួងទាំង៣ ដែលជាសហថាមពលគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត បញ្ចកោណដំណាក់កាលទី១ ឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់អះអាងពីការប្តេជ្ញា ចិត្តយ៉ាងមុតមាំក្នុងការចូលរួមគាំទ្រ និងអនុវត្តសកម្មភាពការងារត្រី-វិស័យ ផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍វឌ្ឍនភាព និងសំណើរបស់ក្រុមការងារត្រីវិស័យ ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងទាំង៣ បានឯកភាពគ្នាលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. វាយតម្លៃខ្ពស់ពីវឌ្ឍនភាពការងារ និងសមិទ្ធផលដែលសម្រេចបានគួរជាទីកត់សម្គាល់របស់ក្រុមការងារ ត្រី-វិស័យ បន្ទាប់ពីកិច្ចប្រជុំត្រី-វិស័យលើកទី៤ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ និងកត់សម្គាល់ ពីវឌ្ឍនភាពលើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ត្រី-វិស័យ និងផែនការអនុវត្តន៍ឆ្នាំ២០២៦-២០៣០។
២. ផែនការសកម្មភាព៣ឆ្នាំរំកិល (២០២៦-២០២៨) និងផែនការប្រចាំឆ្នាំ២០២៦។
៣. ការវិភាជថវិកាដែលមាននៅក្នុងក្រសួងរៀងៗខ្លួន សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ អាងទឹកអូររំដួល នៃសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាតំបន់កសិ-ទេសចរណ៍។ ៤. ស្នើសុំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អនុវត្តផែនការ សកម្មភាព នៃយន្តការត្រី-វិស័យរបស់ក្រសួងទាំង៣ នាពេលអនាគត៕ រក្សាសិទ្ធដោយ៖សុទ្ធលី




