ភ្នំពេញ ៖ ឯកឧត្តមកែវ រ៉េមី ប្រធានគណៈកម្មាការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា អ្នករាយការណ៍ព័ត៌មាន TV France 24 ម្នាក់នេះធ្វើការនៅបាងកកផ្សាយដងណាក៏ខុសពីការពិត ច្រើនដងច្រើនសារ លម្អៀងទៅថៃរហូត ចង់ថៃបំពានច្បាប់សិទ្ធិមនុស្ស បំពានកិច្ចព្រមព្រៀងសន្តិភាពក៏ផ្សាយឲ្យថៃត្រូវរហូត។
គ.ស.ម.ក ប្តឹងទៅស្ថានទូតបារាំងបញ្ជូនទៅរដ្ឋាភិបាលបារាំងឲ្យមើលលោកម្នាក់នេះ វាយ៉ាងម៉េចដែរ។ យើងបានដាក់ទៅស្ថានទូតរួចហើយ។ យើងនឹងបន្តឃ្លាំមើលសារព័ត៌មានដទៃទៀតក្នុងការប្រើសិទ្ធិត្រឹមត្រូវដែរឬទេ។
គ.ស.ម.ក. សូមស្នើដោយគោរពដល់ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា មេត្តាពិចារណាទាក់ទងជាមួយសារព័ត៌មាន France 24 និងថ្នាក់ដឹកនាំរបស់អ្នកនិពន្ធ ដើម្បី៖
១. ពិនិត្យ និងកែតម្រូវភ្លាមៗ នូវខ្លឹមសារដែលបំភាន់ និងគ្មានមូលដ្ឋាននៃព័ត៌មានដូចមានរៀបរាប់ខាងលើ និង
២. ធានាថា ការផ្សាយព័ត៌មាននាពេលអនាគត ទាក់ទងនឹងភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ គោរពតាមស្តង់ដារសារព័ត៌មានអន្តរជាតិ រួមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះផលប៉ះពាល់ផ្នែកសិទ្ធិមនុស្ស នៃសកម្មភាពយោធា តាមរយៈការផ្ទៀងផ្ទាត់ប្រកបដោយកិច្ចសហប្រតិបត្តិការ ជាជាងផ្អែកលើការអះអាង និងវាយតម្លៃដែលបានគ្រោងទុកជាមុនណាមួយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









