Tuesday, December 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយោធាថៃដែលបានបំផ្លាញប្រាសាទតាក្របី

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទតាក្របីជាទីគោរពសក្ការៈរបស់កម្ពុជា។ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ សហគមន៍អាស៊ាន និងបណ្តាស្ថាប័នពាក់ព័ន្ធ អង្គការសមាគម និងបុគ្គលគ្រប់ៗរូបដែលស្រឡាញ់ការពារបេតិកភណ្ឌន មនុស្សជាតិ សូមចូលរួមថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត និងជំរុញយោធាថៃឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបំផ្លិចបំផ្លាញនេះ។ កិច្ចអន្តរាគមន៍របស់សហគមន៍ជាតិនិងអន្តរជាតិ គឺជាភាពចាំបាច់បំផុត ពីព្រោះយោធាថៃ បាននឹងកំពុងបន្តបាញ់ប្រហារ ដោយមិនញញើតមកលើគ្រប់ទីតាំង មិនថាជាទីតាំងជនស៊ីវិល ឬទីតាំងបេតិកភណ្ឌនោះទេ ជាពិសេស កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ប្រាសាទព្រះវិហារក៏ទទួលរងការបំផ្លាញ ធ្វើឱ្យអគារអភិរក្សក្រោមកិច្ចសហការអភិរក្សកម្ពុជា-ឥណ្ឌា ត្រូវបាន ខូចខាតទាំងស្រុង រួមទាំងរចនាសម្ព័ន្ធផ្សេងៗទៀតរបស់ប្រាសាទផងដែរ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រើប្រាស់គ្រប់យន្តការទាំងអស់ ទាំងកម្រិតជាតិនិងអន្តរជាតិ ដើម្បីទាមទារ ឱ្យថៃទទួលខុសត្រូវលើសកម្មភាពអសីលធម៌ទាំងនេះចំពោះមុខច្បាប់អន្តរជាតិដែលមានជាធរមាន ក៏ដូចជាកត់ត្រាទុកអំពើ បំផ្លិចបំផ្លាញនេះក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×