Thursday, December 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លិបអ្នកកាសែតកម្ពុជា នឹងដឹកនាំអ្នកសារព័ត៌មានជិត៣០រូប មកពី១៣ស្ថាប័នដើម្បីផ្តល់ព័ត៌មានពិតអំពីផលប៉ះពាល់ដោយសារអំពើរអមនុស្សធម៌ពីសំណាក់ទាហានថៃ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារជាថ្មីពីសំណាក់ ទាហានថៃចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកទល់នឹងថ្ងៃនេះ ហើយក៏ពុំទាន់ដឹងថានឹងបានធូរស្បើយ ឬបទឈប់បាញ់ថ្មីនឹងចូលជាធរមាននៅពេលណាឡើយ។ ការវាយប្រហារដ៏កម្រោល និងអមនុស្សធម៌របស់ ទាហានថៃបានសម្លាប់ជនស៊ីវិលកម្ពុជាយ៉ាងហោចណាស់១១នាក់ ក្នុងនោះមានទាំងកុមារ និង៧៤នាក់ ផ្សេងទៀតបានរងរបួសរួមទាំងអ្នកសារព័ត៌មានផង។
ជាមួយគ្នានេះ ការវាយប្រហារដ៏ឃោរឃៅរបស់ទាហានថៃបានធ្វើឱ្យពលរដ្ឋកម្ពុជារស់នៅតាម
បណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃជិត២០ម៉ឺននាក់ បានក្លាយជាជនភៀសសឹក សាលារៀនជិត៦០០ខ្នង ត្រូវបានបិទទ្វារ និងសិស្សសាលាជាង១៣ម៉ឺននាក់ត្រូវបោះបង់ការសិក្សា។

ដើម្បីផ្តល់ព័ត៌មានពិតអំពីផលប៉ះពាល់ដោយសារអំពើរអមនុស្សធម៌ពីសំណាក់ទាហានថៃ ក្លិបអ្នក កាសែតកម្ពុជា (ក.អ.ក) នឹងដឹកនាំអ្នកសារព័ត៌មានជិត៣០រូប មកពី១៣ស្ថាប័នរួមទាំងសារព័ត៌មានផ្សាយ ជាភាសាបរទេសផង (ភាសា៖ ខ្មែរ អង់គ្លេស បារាំង វៀតណាម និងចិន) ទៅកាន់ជំរំជនភៀសសឹកយ៉ាង ហោចណាស់មួយទីតាំងស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីធ្វើបទយកការណ៍ និងធ្វើអត្ថបទនានាស្តីពីទុក្ខលំបាករបស់ជនស៊ីវិលកម្ពុជាដែលរងគ្រោះដោយសារ តែការវាយប្រហាររបស់ទាហានថៃមកកាន់តំបន់ព្រំដែន និងលំនៅដ្ឋានរបស់ពួកគាត់។
ក្នុងដំណើរបេសកកម្មរបស់ក្លិបអ្នកកាសែតកម្ពុជា ក៏មានសប្បុរសជនមួយចំនួន ក្នុងនោះមាន ក្រុមហ៊ុន E-Gets ដែលបានបរិច្ចាគអំណោយធំ រូមមាន៖ តង់ចំនួន៣,០០០ សម្ភារៈប្រើប្រាស់ចាំបាច់ គ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាផងដើម្បីចែកជូនបងប្អូនជនភៀសសឹកចំនួន១០០០គ្រួសារ។
ក្លិបអ្នកកាសែតកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន ដែលបានចូលរួម ជាសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគសម្រាប់ចែកជូនបងប្អូនជនភៀសសឹកដែលកំពុងជួបការលំបាក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×