Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងព័ត៌មាន អំពាវនាវ៖ យើងរួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ!

ភ្នំពេញ ៖ ឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៥ខែធ្នូនេះ បានចេញសេចក្តីអំពាវនាវ៖ យើងរួមគ្នាដើម្បីការពារកម្ពុជាប្រឆាំងនឹងការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ! តើបងប្អូនទាំងអស់គ្នាអាចចូលរួមអ្វីបានក្នុងសង្គ្រាមព័ត៌មាននិងសតិអារម្មណ៍ចំពោះមុខនៃការបំភ្លៃបំផ្លើសរបស់ក្រុមឈ្លានពាន?

ភាគីថៃបានប្រើប្រាស់យុទ្ធសាស្ត្រក្នុង «សង្គ្រាមព័ត៌មាននិងសតិអារម្មណ៍» របស់គេ គឺយុទ្ធសាស្ត្រ«បំភ្លៃបំផ្លើស មួលបង្កាច់បង្កហេតុដើម្បីបង្កើតលេសឈ្លានពានកម្ពុជា» ឬ«Provocative Information Warfare Strategy»។ ថៃបានបង្កហេតុដើម្បីបង្វែរស្ថានការណ៍ពីការបែកបាក់ជាតិដ៏ជ្រាលជ្រៅរបស់គេមកព្រំដែន, ពួកគេបានចោទប្រឌិតរឿង និងចោទប្រកាន់ មួលបង្កាច់គ្រប់រឿងដើម្បីបង្កហេតុជាមួយកម្ពុជា។ ដូច្នេះហើយ ព័ត៌មានដែលថៃបានផ្សព្វផ្សាយគឺមានចរិតញុះញង់ បញ្ឆេះកំហឹង ឌឺដង និងមួលបង្កាច់រករឿងសព្វគ្រប់មកលើកម្ពុជា។ ពួកគេបង្ករឿងគ្រប់ទម្រង់ដើម្បីបង្កើតលេស និងញុះញង់ឱ្យយើងតតាំង។ ពួកគេបានបំពានម្តងហើយម្តងទៀត និងមួលបង្កាច់កម្ពុជាគ្រប់រឿងទាំងអស់។ ប៉ុន្តែពិភពលោកកាន់តែដឹងច្បាស់ពីល្បិចកលនេះ និងភាគច្រើនមិនជឿលើការភូតកុហករបស់ពួកគេទេ។

នៅចំពោះមុខនៃយុទ្ធសាស្ត្របង្កហេតុមួលបង្កាច់នេះ និងដើម្បីរួមសាមគ្គីគ្នាទប់ស្កាត់និងបន្សាបការបំភ្លៃ បំផ្លើសនិងការមួលបង្កាច់របស់ភាគីថៃ ខ្ញុំសូមអំពាវនាវនិងស្នើសុំបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្ណាញសង្គមសូមចូលរួមដូចតទៅ៖​

១-បន្តតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការរបស់កម្ពុជា។ មុននឹងជឿលើការផ្សព្វផ្សាយរបស់ថៃ គឺត្រូវផ្ទៀងផ្ទាត់ជាមុន ឬសាកសួរប្រភពដែលមានការពាក់ព័ន្ធនឹងរឿងនេះ។ កុំចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ និងកុំយកប្រភពព័ត៌មានពីសារព័ត៌មានថៃមកផ្សព្វផ្សាយបន្តដោយមិនបានផ្ទៀងផ្ទាត់ ព្រោះព័ត៌មានដែលភាគីថៃផ្សព្វផ្សាយជាព័ត៌មានឃោសនា និងជាព័ត៌មានសតិអារម្មណ៍។ ការពិតគឺនៅលើប្រភពព័ត៌មានផ្លូវការរបស់កម្ពុជា និងការពិតនៅកម្ពុជា

២-បន្តចូលរួមនិយាយការពិតនៃការរងគ្រោះរបស់កម្ពុជាពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា តាមរយៈការចែករំលែកផ្សព្វផ្សាយព័ត៌មានពីប្រភពផ្លូវការ និងផលិតព័ត៌មាន និងមាតាដែលបង្ហាញដល់ពិភពលោកពីការពិត និងសូមចូលរួមអំពាវនាវដល់ សហគមន៍អន្តរជាតិជួយអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា។

៣-សូមបងប្អូនសាធារណជន សិល្បករសិល្បការិនី អ្នកបង្កើតមាតិកាចូលរួមបង្កើតមាតិកា បន្តចូលរួមកាន់តែខ្លាំងបង្កើតមាតិកាលើកទឹកចិត្តកងទ័ព សាមគ្គីភាពជាតិខ្មែរ និងប្រឆាំងដាច់ខាតលើការឈ្លានពានរបស់ថៃ និងអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានយោធាថៃនេះ

៤-ព័ត៌មានក្លែងក្លាយច្រើន និងមានគណនីក្លែងក្លាយជាភាសាខ្មែរដែលថៃបានបង្កើតដើម្បីផ្សព្វផ្សាយព័ត៌មានសតិអារម្មណ៍ច្រើន។ ដូច្នេះបើបងប្អូនសង្ស័យ ឬដឹងច្បាស់ថាជាគណនីក្លែងក្លាយ សូម Block គណនីនោះចោលតែម្តង និង Report ទៅ Facebook ឬ TikTok ដើម្បីកុំឱ្យគណនីនោះបន្តបំពុលសង្គម។ ចំពោះករណីគណនីក្នុងស្រុក ឬក្រៅស្រុក ដែលព្យាយាមបំពុលព័ត៌មាន សូមបងប្អូមអាច Unfollow ឬ Unfriend ដើម្បីបញ្ឈប់ការទទួលព័ត៌មាន និងទំនាក់ទំនង ករណីមិនចង់ទទួលបន្ត

៥-ពេលបងប្អូនប៉ុស្តិ៍ឬចែករំលែកលើបណ្តាញសង្គមសូមភ្ជាប់ជាមួយនូវ # ជាមួយពាក្យ #TruthfromCambodia #CambodiaNeedsPeace #JusticeForCambodia #Thailandfirefirst #AgaintThaiInvation និងអាចពាក្យគន្លឹះផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ខ្ញុំជឿជាក់ថាសាធារណជន បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកាទាំងអស់នឹងចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាឈ្នះក្នុងការប្រឆាំងនឹងសង្គ្រាមឈ្លានពានរបស់យោធាថៃ។ យើងម្នាក់ៗ គឺជាទាហានការពារជាតិម្នាក់! ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×