ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃ ចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ រហូតដល់ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមជម្រាបជូនថា គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែធ្នូ រហូតដល់ ម៉ោង៧ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ អំពើឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជារបស់ភាគីចំ ដែលផ្តើមឡើងជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ បានបណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសុវត្ថិភាពប្រជាពលរដ្ឋ និង តំបន់ស៊ីវិលកម្ពុជា ដូចខាងក្រោម៖
១-ករណីពលរដ្ឋស្លាប់ និងរបួស៖ មានពលរដ្ឋស្លាប់១នាក់(ស្ត្រី) នៅខេត្តឧត្តរមានជ័យ។ ជាបឋម គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់មានចំនួន១៣នាក់ និងរបួសចំនួន៧៤នាក់។
២-ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប មានជនភៀសសឹកសរុប ១២១,៣៧២គ្រួសារ (កើនឡើង ៥៥៨ គ្រួសារ) ស្មើនឹងមនុស្ស ៤០៥,៧៥៨នាក់ (កើនឡើង ២,១៥៧នាក់ ) ក្នុងនោះមានស្ត្រីប្រមាណ ២សន ៨ពាន់នាក់ និងកុមារប្រមាណ ៩ម៉ឺន ៦ពាន់នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់។
៣-ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ពុំមានការខូចខាតថ្មីទេ។
ជាបឋម គិតពីថ្ងៃ ទី៧ ខែធ្នូ រហូតមកដល់ម៉ោង៧ព្រឹកនេះ ការខូចខាតសរុប រួមមាន ផ្ទះប្រជាពលរដ្ឋ៣៦ខ្នង សាលារៀន ១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ ២ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង១ទីតាំង មធ្យោបាយដឹកជញ្ជូន៥គ្រឿង (ម៉ូតូ១គ្រឿង និងរថយន្ត៤គ្រឿង) ឃ្លាំងទិញដំឡូង១ទីតាំង ព្រមទាំង ទ្រព្យសម្បត្តិ និងសម្ភារជាច្រើនទៀត។ ក្រៅពីនេះ សេវាជាមូលដ្ឋាន ដូចជា សេវារដ្ឋបាល សុខាភិបាល និងអប់រំ នៅតាមក្រុង ស្រុក ឃុំ-សង្កាត់ ត្រូវបានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារដោយ អាវុធគ្រប់ធុន និងគ្រប់ទម្រង់មកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។
ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រកាសគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្ត្រការពារ ជាតិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអគ្គភស្តុភារជាន់ខ្ពស់ ន កងកម្លាំងប្រដាប់អាវុធកម្ពុជា និងសម្តេចមហាបវរធិបតី ប៊ុន ចាំណត នាយករដ្ឋមន្ត្រីដ៏អង់អាចស្វាហាប់ ដែលក្រោមការដឹកនាំបញ្ហាប្រកបដោយយុទ្ធសាស្ត្រ របស់ សម្ដេច ទាំងទ្វេ កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែននៃក្រសួងមហាផ្ទៃ បានកំពុងប្រកៀកស្មារួមគ្នាការពារបូរណភាពទឹកដី និង អធិបតេយ្យភាពជាតិ ដោយម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅ នៃសមរភូមិប្រយុទ្ធ៕ រក្សាសិទ្ធដោយ៖សុទ្ធលី







