ខេត្តកំពង់ចាម: ក្នុងរយៈពេលជិត ១០ថ្ងៃសង្គ្រាមបានផ្ទុះឡើងធំជាងលើកមុនបានធ្វើឲ្យប្រជាពលរដ្ឋរួមទាំងគ្រួសារវីរ:យុទ្ធជនដែលរស់នៅខេត្តជាប់តាមព្រំដែនកម្ពុជា-ថៃ បាននាំគ្នាភៀសខ្លួនមកកាន់កន្លែងសុវត្ថិភាពនៅតាមឃុំចំនួន១១ក្នុងស្រុកកងមាសគិតរហូតមកដល់ល្ងាចថ្ងៃទី១៤ធ្នូ ឆ្នាំ២០២៥ កើនដល់ជិត១០០០នាក់ នេះបើតាមការបញ្ជាក់ពីលោកភោគ សាវុធ អភិបាលស្រុកកងមាស។
ដោយមើលឃើញពីការលំបាករបស់ពលរដ្ឋត្រូវបានឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តនិងលោកជំទាវ ញូង ចរិយា យកចិត្តទុកដាក់ចំពោះពួកគាត់ព្រមទាំងបានដឹកនាំក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ដើម្បីចែកជូនដល់ពួកគាត់ដែលមានជីវភាពខ្វះ ២៩៣គ្រួសារ ។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ-ធិបតី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជូនចំពោះ គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹកនិង អាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំអោយបងប្អូន ត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយ: ដើម្បីជំលៀសខ្លួននិងគ្រួសារ ចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាព សម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។ ទាំងនេះបង្ហាញអោយឃើញ ពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អោយយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ជួយដោះស្រាយសម្រាលទុក្ខលំបាករបស់ប្រជាជនក៏ដូចជាគ្រួសារវរយុទ្ធជន ភៀសសឹក អោយទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយសម្រាប់សកម្មភាពមនុស្សធម៌នេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ធ្នូ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានក្រើនរំលឹកដល់បងប្ហូនទាំងអស់ដែលបានមកស្នាក់អាស្រ័យនៅតាមផ្ទះសាច់ញាតិក្នុងស្រុកកងមាស ត្រូវខិតខំថែទាំសុខភាពអោយបានល្អ តាមវិធានអនាម័យ ស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជម្ងឺរាតត្បាតនានា ទាំងក្នងរយ:ពេលនៃការស្នាក់នៅ និងធ្វើដំណើរ ព្រោះថា បើមានការធ្វេសប្រហែស វាអាចនាំអោយប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូន ផងដែរ។
ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងទឹកចិត្តដ៏ក្លៀវក្លា អង់អាចក្លាហានរបស់វីរកងទ័ព
ជួរមុខការពារបូរណៈភាពទឹកដីព្រមទាំងបានវាយបកទប់ទល់ការឈ្លានពានពីសំណាក់ទ័ពថៃ ។ ជាមួយនោះសមរភូមិក្រោយតែងតែផ្សារភ្ជាប់ជាមួយសមរភូមិមុខគ្រប់ពេលវេលា៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី













