Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាសហធិបតីក្នុងពិធីបើកវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន «ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន» ឆ្នាំ២០២៥

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាសហធិបតី ក្នុងពិធីបើកវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន «ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន» ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ីភ្នំពេញ។ វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិននេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន, លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម Wang Heming អគ្គលេខាធិការមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ព្រមទាំងសហគ្រិន អ្នកវិនិយោគ និស្សិត និងបណ្តាស្ថាប័នរដ្ឋ ឯកជន ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។

ឯកឧត្តមអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន បានលើកឡើងថា ព្រឹត្តិការណ៍ថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីរួមគ្នាបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូររវាងយុវជន និងយុវជន វប្បធម៌ប្រពៃណី ការកសាងចំណងមិត្តភាព ទំនុកចិត្តទៅវិញទៅមក ក៏ដូចជាការស្វែងរកនូវឱកាសវិនិយោគ និងធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរផងដែរ។

ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានបញ្ជាក់ថា វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិននេះរៀបចំឡើង ដើម្បីពង្រីកការផ្សារភ្ជាប់ ផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក្នុងវិស័យទំនាក់ទំនងប្រជាជននិងប្រជាជន ទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់មិត្តភាពនៃប្រទេសទាំងពីរ។ ប្រទេសកម្ពុជា បានក្លាយជាគម្រូល្អសម្រាប់ការដោះស្រាយនូវអត្ថន័យដ៏ជ្រាលជ្រៅនូវមិត្តដែកថែប និងសហគមន៍រួមជនស្នេហ៍តែមួយ។ មិត្តភាពកម្ពុជា-ចិន គឺជាមាសសុទ្ធ ដែលយុវជន គឺជាពន្លឹភ្លើងដែលធ្វើឱ្យមាសនេះ មានពន្លឺភ្លឺរលោងជានិច្ច។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមរំលែកទុក្ខ និងសួរសុខទុក្ខចំពោះជនរងគ្រោះក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានមានប្រសាសន៍ថា ចំណងមិត្តភាពកម្ពុជា-ចិន ជាចំណងមិត្តភាពរាប់ពាន់ឆ្នាំក្នុងប្រវត្តិសាស្ត្រ។ ថ្ងៃនេះការរៀបចំវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ជាចលករដ៏ខ្លាំងក្លាក្នុងការជំជំរុញឱ្យមានការយល់ពីគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅរវាងយុវជននៃប្រទេសទាំងពីរ។ អនាគតនៃចំណងមិត្តភាពកម្ពុជា-ចិន គឺយុវជន សង្ឃឹមថា យុវជននៃប្រទេសទាំងពីរ បន្តរក្សាចំណង់មិត្តភាព បង្កើនការកិច្ចសហប្រតិបត្តិការទៅវិញទៅមក រួមទាំងការបង្កើនសមត្ថភាពជាមួយគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងពេលបច្ចុប្បន្ននេះ និងអនាគត ក្នុងការកសាងវាសនារួមរវាងចិន និងកម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យនេះ អាចបង្កើតសមិទ្ធផលជាផ្លែផ្លា។
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរចំពោះពិធីបើកវេទិកាផ្លាស់ប្តូរមិត្តភាពចិន-កម្ពុជា «ការតភ្ជាប់ផ្លូវសូត្រ» ឆ្នាំ២០២៥។ យើងសង្ឃឹមថាយុវជនមកពីប្រទេសទាំងពីរនឹងបន្តរក្សាចំណងមិត្តភាពចិន-កម្ពុជា រក្សាប្រពៃណីដ៏ល្អនៃភាពស្មោះត្រង់ ការជឿទុកចិត្តគ្នាទៅវិញទៅមក សមភាព និងការជួយគ្នាទៅវិញទៅមក ចាប់យកឱកាសប្រវត្តិសាស្ត្រនៃការពង្រីកកិច្ចសហប្រតិបត្តិការចិន-កម្ពុជាជាបន្តបន្ទាប់ កសាងស្ពានមិត្តភាពបន្ថែមទៀតរវាងប្រជាជនចិននិងកម្ពុជា និងជំរុញលទ្ធផលប្រកបដោយផ្លែផ្កាក្នុងការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី!។

ស្ថានទូតចិនប្រចាំនៅកម្ពុជារីករាយក្នុងការធ្វើការជាមួយផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងមូលនិធិចិនសម្រាប់សន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីបន្តផ្តល់ការគាំទ្រយ៉ាងខ្លាំងសម្រាប់ការពង្រឹងផ្លាស់ប្តូរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងយុវជនមកពីប្រទេសចិន និងកម្ពុជា។

ថ្លែងក្នុងពិធីបើកវេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ជាផ្លូវការ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា “វេទិកាផ្លាស់ប្តូរមិត្តភាពកម្ពុជា-ចិន ពិតជាមានសារៈសំខាន់ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន យ៉ាងស្អិតរមួត និងប្រកបដោយភាពសុខដុម ជាពិសេសការផ្សារភ្ជាប់បេះដូងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដែលជាគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងដែលមានស្រេច។”

និយាយជារួម យើងមិនអាចរៀបរាប់អស់ នូវអ្វីដែលជាអត្ថប្រយោជន៍នៃសក្តានុពលទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលផ្តល់ឱ្យពិតប្រាកដដល់ប្រជាជនកម្ពុជានោះទេ។ សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដ៏សំខាន់ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា តាមរយៈជំនួយអភិវឌ្ឍ និងការគាំទ្រគ្រប់វិស័យ ជាពិសេសសហការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ។ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌកិច្ចសហប្រតិបត្តិការល្អ។ ប្រទេសទាំងពីរ បន្តឈរជាមួយគ្នាគ្រប់កាលៈទេសៈ និងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងឯករាជ្យភាព កិត្យានុភាពខ្លួន ក្នុងតំបន់ និងឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណចំពោះការគាំទ្រ និងការចូលរួមរបស់ប្រទេសចិន ក្នុងការរួមចំណែកសម្របសម្រួល ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ តែជាអកុសល នាពេលថ្មីៗនេះ ស្ថានការណ៍បានវិវត្តទៅជាស្ថានភាពអាក្រក់សារជាថ្មី ស្មារតី ទឹកចិត្ត និងអារម្មណ៍របស់ប្រជាជនខ្មែរគ្រប់រូប ស្ថិតនៅជំវិញស្ថានការណ៍ដែលកំពុងតែដើរទៅបណ្តាលមកពីការផ្ទុះអាវុធនៅបណ្តោយព្រំដែន។ ឯកឧត្តម បានបេជ្ញានូវទឹកចិត្តឥតងាករេ និងជំហរយ៉ាងមុតមាំប្រកបដោយភាពម្ចាស់ការ ឆន្ទៈ ការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ពុះពាររកដំណោះស្រាយដោយពឹងផ្អែកលើមាគ៌ាសន្តិភាព។ ឯកឧត្តមជឿជាក់ថា សហគមន៍អន្តរជាតិ ជាពិសេសមិត្តចិន នឹងចូលរួមឱ្យភាគីថៃ ងាគមកគោរពនូវកិច្ចព្រមព្រៀង បទឈប់បាញ់ និងកិច្ចសហប្រតិបត្តិការរួមស្តីពីការព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយតាមច្បាប់អន្តរជាតិ។

“ពិភពលោកកំពុងឆ្លងកាត់ការសាកល្បងថ្មី និងភាពតានតឹងភូមិសាស្ត្រនយោបាយ តំបន់សេដ្ឋកិច្ច ព្រមទាំងអាទិភាពនៃកិច្ចសហប្រតិបត្តិការ ដែលបង្កើននូវភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមបានកើតមានឡើង ចំពោះមុខ ដើម្បីស្វែងរកចំណុចរួម បន្តថែរក្សា ពង្រឹងសាមគ្គីភាព ជាពិសេសរវាងប្រជាជន និងប្រជាជន។ នៅក្នុងវេទិកាផ្លាស់ប្តូរនេះ បានផ្តល់នូវឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ ដែលរួមចំណែកមិនអាចខ្វះបាន សម្រាប់ការកសាងសន្តិភាព ស្ថិរភាពតំបន់ និងសកលលោក។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×