ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនជ្រាបថា សារមន្ទីរសិល្បៈអាស៊ីសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco)បានសម្រេចប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូបជូនមក កម្ពុជាវិញ។ការសម្រេចជាផ្លូវការនេះធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈ អាស៊ីបានបោះឆ្នោតយល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរដ៏វិចិត្រទាំង៣៣រូប បាននាំចេញពីកម្ពុជាដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភស្តុតាងនានាដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវ ជ្រាវកម្ពុជា និងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។
ក្នុងចំណោមវត្ថុទាំង១៣រូបនេះ មានដូចជា៖ បដិមាជាទេវរូប ព្រះសិរទេពប្រុស ចម្លាក់តោ និងចម្លាក់ គ្រឿងបង្គំប្រាសាទនានា។ តាមរយៈការសិក្សាវិភាគលើភស្តុតាង ដោយមន្ត្រីជំនាញសារមន្ទីរ និងក្រុមអ្នកស៊ើប អង្កេតបានបញ្ជាក់ថា វត្ថុទាំងនេះមានជាប់ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងជាមួយ លោក ខូក្លាស ឡាតហ្វដ (Douglas Latchford) ដែលបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់សារមន្ទីរសិល្បៈអាស៊ីនេះ ដោយបានថ្លែងថា “វត្ថុដ៏វិចិត្រដែលប្រគល់មកវិញទាំងនេះ គឺជាផ្នែកមួយនៃមរតកវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរ ដែលមិនត្រឹមតែជាការស្តារឡើងវិញនូវការចងចាំ ផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការព្យាបាលស្លាកស្នាមរបួសផ្លូវចិត្ត ដែលបន្សល់មករាប់ទសវត្សរ៍ដោយសារ សង្គ្រាម និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។
លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការចែករំលែកភស្តុតាងអំពីប្រភពដើម នៃវត្ថុ៖ “ក្រសួងសូមវាយតម្លៃខ្ពស់ចំពោះសារមន្ទីរសិល្បៈអាស៊ី ដែលបានបង្ហាញនូវតម្លាភាពក្នុងការចែករំលែក ព័ត៌មានជាមួយកម្ពុជា អំពីប្រភពដើមនៃវត្ថុ និងឯកសារពាក់ព័ន្ធនានា។ ការបើកទូលាយនេះពិតជាមានសារៈ សំខាន់ណាស់ដែលផ្តល់លទ្ធភាពឱ្យយើងអាចបង្ហាញការពិតអំពីប្រវត្តិនៃសម្បត្តិវប្បធម៌ និងអាចស្វែងរកយុត្តិធម៌ ក្នុងករណីនេះ។ នៅពេលដែលស្ថាប័នពាក់ព័ន្ធទាំងអស់អាចចែករំលែកភស្តុតាង និងព័ត៌មានអំពីប្រភពដើម ដោយចំហ និងដោយស្មោះត្រង់ វាពិតជាជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវបេតិកភណ្ឌ វប្បធម៌ដ៏ពិសិដ្ឋរបស់កម្ពុជា ដែលជាម្ចាស់នៃមរតកទាំងនោះ”។រក្សាសិទ្ធដោយ៖សុទ្ធលី












