ភ្នំពេញ ៖ នាល្ងាចថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី “ខ្លឹមព្រះនគរ” នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះ ផ្ដួចផ្ដើមរៀបចំឡើងដោយតារាចម្រៀន លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ដោយមានការសម្ដែងសិល្បៈជាច្រើនទម្រង់ និងមានសិល្បករ សិល្បការិនីចូលរួមសម្ដែងប្រមាណ ៣០០នាក់ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏អស្ចារ្យរបស់ជាតិ ដែលជាកេរ្តិ៍មរតករបស់ដូនតាខ្មែរ ដល់យុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សា ការពារមរតកវប្បធម៌ជាតិដ៏ផូរផង់នេះ។
នាឱកាសនោះផងដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់តារាចម្រៀង លោក ជី ដេវីត និងអ្នកនាង ទេព បូព្រឹក្ស ដែលបានរៀបចំកម្មវិធីនេះឡើង និងកន្លងមកតែងតែចូលរួមជាមួយក្រសួងក្នុងព្រឹត្តិការណ៍នានា ដែលរៀបចំឡើដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














