Monday, January 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការកសាងរូបសំណាកព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ

ឧត្ដរមានជ័យ ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការកសាងរូបសំណាកព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ។

បន្ទាប់ពីមានការបង្ហោះពីរូបសំណាកព្រះពោធិសត្វលោកេស្វរៈ រង្វង់មូលខេត្តឧត្តរមានជ័យ ដែលជាសមិទ្ធផលថ្មីមួយ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលកំពុងលេចធ្លោត្រដែត បន្ទាប់ពីសង្គ្រាមឈ្លានពានសៀម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៦ របស់ផេកផ្លូវការ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្ត ឃើញថាមានបុគ្គល និង សាធារណជនមួយចំនួនបានយករូបភាពទាំងនោះមកបង្ហោះបន្តសរសេររិះគន់ និងខ្លះចូលបញ្ចេញមតិថាមិនគួរណាយករូប ព្រះពុទ្ធមកឆ្លាក់ដាក់នៅជើងព្រះវិស្ណុ ឬព្រះនរាយណ៍ ជាទេពព្រហ្មញ្ញសាសនា ដែលជាការប្រមាថ និងធ្វើឱ្យអាប់ឱនដល់ព្រះ ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋជាដើម។

ក្នុងនាមមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យសូមធ្វើការបញ្ជាក់ដល់សាធារណជនឱ្យបានជ្រាបថា៖ ចំពោះ រូបសំណាករង្វង់មូលខេត្តឧត្តរមានជ័យនេះគឺជារូបរបស់ព្រះពោធិសត្វលោកេស្វរៈ ធ្វើពីថ្មភក់ ព្រះហស្តប្រាំបីកាន់កេតនភណ្ឌ ផ្សេងៗ មានឆ្លាក់រូបព្រះពុទ្ធតូចៗ នៅលើព្រះកាយនិងព្រះបាទា ដែលឆ្លាក់ចម្លងតាមទម្រង់រូបបុរាណ ដែលដាក់តាំងនៅសារ មនី្ទរជាតិកម្ពុជា និងរូបមួយចំនួនតាំងនៅអភិរក្សដ្ឋានអង្គរ ហើយស្ថិតក្នុងសម័យអង្គរ រចនាបថបាយ័ន នាចុងស.វ ទី១២ ដើម ស.វ ទី១៣ ជារូបនៅក្នុងពុទ្ធសាសនាមហាយាន ដែលមានការគោរពប្រណិប័តន៍យ៉ាងមុតមាំ និងមានឥទ្ធិពល នៅក្នុងសង្គម ខ្មែរតាំងពីសម័យបុរាណមកម្លេះ ជាពិសេសនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ដែលក្នុងនោះមានប្រាសាទជាច្រើនដែល តម្កល់និងឆ្លាក់បង្ហាញនៅលើជញ្ជាំង នូវរូបព្រះពោធិសត្វលោកេស្វរៈអង្គនេះ មានដូចជា ប្រាសាទតាព្រហ្ម (ទន្លេបាទី) ប្រាសាទបាកាណ ប្រាសាទបន្ទាយឆ្មារ ប្រាសាទមួយចំនួនក្នុងតំបន់អង្គរជាដើម។ សព្វថ្ងៃមានរូបព្រះពោធិសត្វលោកេស្វរៈជា ច្រើនដែលបានតម្កល់នៅតាមសារមន្ទីរនានា និងនៅអភិរក្សដ្ឋានអង្គរដែលសាធារណជនអាចចូលទៅទស្សនា និងសិក្សាឈ្វេងយល់បន្ថែម។

អាស្រ័យហេតុនេះសូមសាធារជនមេត្តាជ្រាបជាព័ត៌មាន និងសូមកុំយល់ច្រឡំថាជារូបព្រះវិស្ណុ ព្រោះការឆ្លាក់ឡើង សុទ្ធតែបានចម្លងចេញរូបលោកេស្វរៈ ប្រភពដើម ដែលមានការគោរពនៅក្នុងសង្គមខ្មែរតាំងពីបុរាណរៀងមក។

ឯកឧត្តមម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថា ឆ្លងកាត់រយ:ពេលជាច្រើនខែ ពេលនេះរង្វង់មូលដៃប្រាំបីក្នុងទីរួមខេត្តឧត្ដរមានជ័យរបស់យើងទាំងអស់គ្នាបានស្ថាបនារួចរាល់១០០% ហើយ ទោះខេត្តមួយនេះឆ្លងកាត់ភ្លើងសង្គ្រាមក៏ដោយ។
ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីរួមខេត្ត និងការថែរក្សានូវអត្តសញ្ញាណវប្បធម៌ដ៏រុងរឿងនៃទឹកដីឧត្ដរ។ រដ្ឋបាលខេត្តឧត្ដរមានជ័យក្រោមការដឹកនាំរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានសម្រេចរៀបចំកែលម្អ និងលើកតម្កើងរូបសំណាក់ «រង្វង់មូលដៃ៨» ដែលជានិមិត្តរូបតំណាងខេត្ត ឱ្យកាន់តែមានភាពលេចធ្លោ និងអស្ចារ្យ ដើម្បីស្វាគមន៍ភ្ញៀវទេសចរ និងជាទីមោទនភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តផងដែរ។ រង្វង់មូលដៃ៨នេះបានក្លាយជា «បង្គោលចរ» ដ៏សំខាន់ដែលមិនអាចរំលងបានសម្រាប់អ្នកដំណើរដែលឆ្លងកាត់មកកាន់ទឹកដីខេត្តឧត្ដរមានជ័យ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×