Monday, January 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បញ្ជាក់ថា ក្នុងពេលឯកឧត្ដមបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្ដមបានខិតខំប្រឹងប្រែងក្នុងការស្ដារ និងរៀបចំនូវទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែមានភាពរឹងមាំបន្តទៀត

ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្ដម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្ដមបានចប់បេសកកម្មការទូតនៅកម្ពុជា។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្ដម និងសហការី ហើយក៏រីករាយដែលបានជួបឯកឧត្ដមសាជាថ្មី។ សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្ដមក្នុងនាមជាអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា ដោយឯកឧត្ដម បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យមានភាពរីកចម្រើន ជាពិសេស សម្ដេចតេជោ បានឆ្លៀតអរគុណជាពន្លឹក ចំពោះការរៀបចំនូវដំណើរទស្សនកិច្ចរបស់សម្ដេចកាលពីខែឧសភាកន្លងទៅប្រកបដោយជោគជ័យ ហើយការទទួលស្វាគមន៍របស់ឯកឧត្ដម ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះសម្ដេចយ៉ាងកក់ក្តៅ ដោយសម្ដេចតេជោសូមវាយតម្លៃខ្ពស់ចំពោះការរៀបចំនោះ ។

ឯកឧត្ដមអគ្គរដ្ឋទូត បានសម្ដែងការអរគុណដែលសម្ដេចតេជោបានផ្ដល់ឱកាសដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្ដម បានជួបជម្រាបលានាឱកាសនេះ។ ឯកឧត្ដមបានវាយតម្លៃចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានភាពរីកចម្រើនស្ទើរគ្រប់វិស័យ ហើយឯកឧត្ដមបញ្ជាក់ថា ក្នុងពេលឯកឧត្ដមបំពេញបេសកកម្ម ជាឯកអគ្គរដ្ឋទូតនៅកម្ពុជា ឯកឧត្ដមបានខិតខំប្រឹងប្រែងក្នុងការស្ដារ និងរៀបចំនូវទំនាក់ទំនងរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែមានភាពរឹងមាំបន្តទៀត ហើយជាពិសេស ឯកឧត្ដមបានវាយតម្លៃចំពោះការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ទៅវិញទៅមក ។
ឯកឧត្ដមបានបញ្ជាក់ថា ឯកឧត្ដមបានរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ឥណ្ឌូនេស៊ី ប្រាបូវ៉ូ អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការញ៉ាំងទំនាក់ទំនងប្រទេសទាំងពីរឱ្យរីកចម្រើន ហើយឯកឧត្ដម ក៏បានរៀបចំដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ឥណ្ឌូនេស៊ីដូចគ្នាដែរ ដែលទាំងអស់នេះ ឯកឧត្ដមបញ្ជាក់ថា ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឥណ្ឌូនេស៊ី ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវការពេញចិត្តបន្ថែមចំពោះការលើកឡើងរបស់ឯកឧត្ដមអគ្គរដ្ឋទូត ។
សម្ដេចតេជោ បានលើកឡើងអំពីតួនាទីរបស់ឥណ្ឌូនេស៊ីកន្លងមក ក្នុងការចូលរួមចំណែក ជាពិសេស តាំងពីសម័យព្រះបរមរតនកោដ្ឋ ក្នុងការចូលរួមស្វះស្វែងរកសន្តិភាពរបស់កម្ពុជា ដោយឥណ្ឌូនេស៊ី ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានកម្ពុជា ឱ្យឈានទៅរកដំណើរការនៃសន្តិភាព ដែលទាំងអស់នេះ គឺជាផ្លែផ្កាដែលបានកើតឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។
ជាចុងក្រោយ សម្ដេចតេជោ ក៏បានជូនពរឯកឧត្ដមអគ្គរដ្ឋទូត ទទួលបានជោគជ័យក្នុងភារកិច្ចបន្តទៀត ហើយសង្ឃឹមថា ឯកឧត្ដម នឹងវិលត្រឡប់មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលណាមួយនៅពេលខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×