ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ប្រព័ន្ធព័ត៌មានធនធានទឹក និងប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ នៅសាលប្រជុំនៃសណ្ឋាគារសាន់&មូន រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីលោកជំទាវ Yasmin Siddiqi នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រីជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងនាយកដ្ឋានទាំងអស់ក្រោមឱវាទក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត សរុបប្រមាណ ១៥០នាក់។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ជាការបោះជំហានដ៏សំខាន់មួយរបស់ក្រសួងធនធានទឹក និងឧតុនិយម និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដើរឱ្យទាន់នូវយុគសម័យរាជរដ្ឋាភិបាលឌីជីថល និងបានបញ្ជាក់ថា មជ្ឈមណ្ឌលនេះ មានតួនាទីជាស្នាក់ការកណ្តាលសម្រាប់បញ្ជា គ្រប់គ្រង រក្សា វិភាគ និងចែកចាយទិន្នន័យ-ព័ត៌មានទាក់ទងនឹងធនធានទឹក ឧតុនិយម និងការស្រោចស្រព ព្រមទាំងចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយពីធម្មជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិស្តីពីជលវិទ្យា ឧតុនិយម និងអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ប្រព័ន្ធទាំងនេះនឹងរួមចំណែកក្នុងការពង្រឹងសមត្ថភាពស្ថាប័នជាតិក្នុងការគ្រប់គ្រងធនធានទឹក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា សិក្ខាសាលារយៈពេលប្រាំថ្ងៃគឺថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នេះ មានគោលបំណងដើម្បី ទី១)ណែនាំនិងបង្កើនការយល់ដឹងពីមុខងារ និងការទទួលខុសត្រូវរបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធនទឹក ទី២)បង្ហាញពីស្ថាបត្យកម្ម ប្រតិបត្តិការរបស់ប្រព័ន្ធព័ត៌មានធនធានទឹកនិងការអនុវត្តក្នុងវិស័យផ្សេងទៀត ទី៣)ណែនាំពីប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងការកសាងសមត្ថភាពអ្នកចូលរួមក្នុងការប្រើប្រាស់ឧបករណ៍ ប្រកបដោយប្រសិទ្ធភាពសម្រាប់ការបញ្ចូលទិន្នន័យ ការធ្វើបច្ចុប្បន្នភាព និងការរាយការណ៍អំពីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងទី៤)ការអនុវត្តប្រើប្រាស់ប្រព័ន្ធជាក់ស្តែង ដើម្បីឱ្យសិក្ខាកាមទាំងអស់មានទំនុកចិត្តនៅក្នុងការប្រតិបត្តិការងារប្រចាំថ្ងៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















