ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ សូមធ្វើការបំភ្លឺឆ្លើយតបទៅនឹង ការសាកសួររបស់ប្រព័ន្ធឃោសនាទាក់ទងនឹងដំណើរការផ្លូវច្បាប់និងការបណ្ដេញលោក ចេន ហ្ស៊ី ដូចខាងក្រោម៖ ការសម្រេចចិត្តរបស់កម្ពុជាក្នុងការបណ្តេញលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិន ដែលជា ប្រទេសដើមកំណើតរបស់ខ្លួន គឺធ្វើឡើងដោយផ្អែកតាមច្បាប់ និងការប្តេជ្ញាចិត្តរបស់ កម្ពុជា អនុវត្តជំនួយផ្លូវច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌រវាង ប្រទេសទាំងពីរ។
ការដកហូតសញ្ជាតិកម្ពុជាពីលោក ចេន បានអនុវត្តយ៉ាងហ្មត់ចត់តាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ (ចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥) ជាពិសេសមាត្រា២៩ថ្មី កថាខណ្ឌទី៤ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីសញ្ជាតិ (ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥) មាត្រា៥២ កថាខណ្ឌទី៤។ ផ្អែកលើមាត្រាទាំងពីរនេះ ការដកហូតសញ្ជាតិខ្មែរពីពលរដ្ឋ ដែលទទួលបានសញ្ជាតូបនីយកម្ម ត្រូវធ្វើឡើង ប្រសិនបើបុគ្គលនោះ ត្រូវបានរកឃើញថា បានទទួលសញ្ជាតិខ្មែរតាមរយៈការក្លែងបន្លំ ឬដោយការផ្ដល់ព័ត៌មានមិនពិត ក្នុងអំឡុង ពេលនៃការដាក់ពាក្យស្នើសុំសញ្ជាតិ។
ការបណ្តេញចេញនេះ គឺជាសិទ្ធិសម្រេចដោយអធិបតេយ្យរបស់កម្ពុជា ដោយផ្អែកលើការ រកឃើញភាពមិនប្រក្រតីនៃការទទួលបានសញ្ជាតិ។ ការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះនីតិរដ្ឋ។ ជាការពិត វាគឺជានីតិវិធីច្បាប់ប្រកបដោយស្តង់ដារមួយ ហើយមិនគួរជាប្រធានបទយកមកបកស្រាយខុស ដោយគ្មានមូលដ្ឋាននោះឡើយ។
ប្រព័ន្ធត្រួតពិនិត្យតុល្យភាពអំណាចរបស់កម្ពុជា នៅតែមានភាពរឹងមាំ ការបញ្ចូនខ្លួន បុគ្គលនានាក្នុងក្របខ័ណ្ឌច្បាប់ គឺជាដំណើរការផ្លូវការនៃជំនួយផ្នែកច្បាប់ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ព្រមទាំងបានឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជាចំពោះច្បាប់ជាតិ និងកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន។ ការអនុវត្តច្បាប់ម៉ឹងម៉ាត់បែបនេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះកិច្ច សហប្រតិបត្តិការអន្តរជាតិ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទន្ទឹមនឹង ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី





