ខេត្តបន្ទាយមានជ័យ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលអញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ។ ដោយនៅវេលាម៉ោង ១០:០០នាទីព្រឹក គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចស្នាក់ការ២ ស្ថិតនៅក្រុងសិរីសោភ័ណ ដោយក្នុងឱកាសនោះ វរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជាក៏បានធ្វើបទបង្ហាញជូនឯកឧត្តម អគ្គមេបញ្ជាការ និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់ខ្លួនផងដែរ។
សូមជម្រាបជូនផងដែរថា ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន មកកាន់ព្រះរាជាណាចក្រនាពេលនេះ គឺដើម្បីចុះមកពិនិត្យ និងសិក្សាស្វែងយល់ក្នុងការត្រៀមលក្ខណៈទទួល និងបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះ។
សូមគូសបញ្ជាក់ផងដែរថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី









