Friday, February 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តពោធិ៍សាត់ ឆ្លើយតប ៦ចំណុច ចំពោះគណនី CCZ ដែលបានចុះផ្សាយថា “យុវជនតំបន់ថ្មដា ដកបន្លាលួសការពារដីខ្មែរ បែរជាត្រូវមន្ត្រី ហៅអប់រំ”

ខេត្តពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានគណនីហ្វេសប៊ុកផេកឈ្មោះ CCZ បានចុះផ្សាយលើគណនី ហ្វេសបុកផេករបស់ខ្លួនថា “ស្នេហាជាតិជាកំហុសឬ? យុវជនតំបន់ថ្មដាដកបន្លាលួសការពារដីខ្មែរតែបែរជាត្រូវម ន្ត្រីហៅអប់រំ… ”។

ពាក់ព័ន្ធការចុះផ្សាយខាងលើនេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដល់សាធារណជន និងបណ្តាញ ផ្សព្វផ្សាយព័ត៌មានទាំងអស់ឱ្យបានជ្រាបថា៖
ការឆ្លើយតបទាំង ៦ ចំណុចរួមមាន៖
១. ប៉ុន្មានថ្ងៃមុននេះ នៅទីតាំងផ្លូវបំបែកទៅខេត្តកោះកុងស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពិតជាមានភាគីថៃបានរាយបន្លាលួសប្រាកដមែន។
២. ដោយប្រកាន់ភ្ជាប់នូវគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី, សមត្ថកិច្ចរបស់ភាគីកម្ពុជាបានធ្វើការជួបពិភាក្សាជាមួយសមត្ថកិច្ចរបស់ភាគីថៃកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីរកដំណោះស្រាយ ហើយជាលទ្ធផលសមត្ថកិច្ចរបស់ភាគីថៃយល់ព្រមនឹងរុះរើបន្លាលួសនោះចេញវិញនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
៣. ស្របពេលដែលសមត្ថកិច្ចរបស់ភាគីថៃរៀបចំចាត់ចែងក្នុងការរុះរើស្របតាមស្មារតីនៃការពិភាក្សាខាងលើ ក៏មានពួកយុវជនមកធ្វើការរុះរើដែលមានចរិតជាការសម្តែងយករូបភាពផ្សព្វផ្សាយមួយភ្លែត ក្នុងគោលដៅណាមួយតែប៉ុណ្ណោះ។
៤. ក្នុងស្មារតីប្រកាន់ភ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី, អាជ្ញាធរមូលដ្ឋានកម្ពុជា យើងមានការព្រួយបារម្ភនូវសកម្មភាពដែលឆ្គាំឆ្គងរបស់យុវជនទាំងនោះ ដោយហេតុថាកិច្ចការងារនេះ នៅតែដំណើរការអនុវត្តជាក់ស្តែងតែប៉ុណ្ណោះ ព្រោះសមត្ថកិច្ចរបស់ភាគីកម្ពុជាយើងបានជួបធ្វើការងារ ជាមួយសមត្ថកិច្ចរបស់ភាគីថៃរួចរាល់ហើយ។
៥. ទោះជាយ៉ាងណាអាជ្ញាធរមូលដ្ឋាននៅតែមានការកោតសរសើរចំពោះសកម្មភាពស្នេហាជាតិ មាតុភូមិ របស់ប្រជាពលរដ្ឋកម្ពុជាយើង ប៉ុន្តែពុំត្រូវបញ្ចេញសកម្មភាពក្នុងកាយវិការណាមួយដែលតាំងខ្លួនជា តួឯក ហើយអាចក្លាយជាកម្លាំងចលករក្នុងការបង្កើនកម្ដៅនៃជម្លោះព្រំដែននោះទេ។
៦. រដ្ឋបាលខេត្តពោធិ៍សាត់ពិតជាមានការសោកស្តាយចំពោះសកម្មភាពរបស់ប្អូនៗយុវជន ដែលចង់បង្ហាញពីទឹកចិត្តស្នេហាជាតិហួសហេតុ និងខុសពេលវេលា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

Screenshot
×