រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី Sergei Shoigu កាលពីម្សិលមិញបានប្រកាសថានឹងផ្តល់ឱ្យស៊ីរីនូវប្រព័ន្ធកាំជ្រួចរយៈចម្ងាយឆ្ងាយ S-300 ប៉ុន្តែបើតាមអ្នកជំនាញការយោធា Joseph Trevithickបញ្ហានេះពុំបានធ្វើឱ្យអ៊ីស្រាអែលចុះញ៉មនោះទេ ព្រោះថាយោធាប្រទេសនេះយល់ច្បាស់ពី សមត្ថភាពរបស់S-300 ហើយពួកគេនឹងប្តូរយុទ្ធវិធីវាយប្រហារស៊ីរីតាមវិធីផ្សេងវិញ។អ៊ីស្រាអែលមានបទពិសោធន៍និង យុទ្ធភណ្ឌអាចធ្វើទៅបាន។
ជាក់ស្តែងបណ្ដាឧត្តមសេនីយ៍អ៊ីស្រាអែលបានប្រកាសថា ប្រសិនបើស៊ីរីពិតជាទទួលបានប្រព័ន្ធការពារS-300 មែននោះ ពួកគេនឹងងាកទៅបង្កើនការប្រើប្រាស់បណ្ដាយុទ្ធភណ្ឌមានបច្ចេកវិជ្ជាខ្ពស់ ដូចជាកាំជ្រួចឆ្លាតវៃ យន្តហោះគ្មានអ្នកបើកបរ ដើម្បីបន្តប្រតិបត្តិការពីដែនអាកាសលើទឹកដីស៊ីរី។
គួររំលឹកថា អ៊ីស្រាអែលធ្លាប់មានបទពិសោធន៍តបតនឹងប្រព័ន្ធS-300 ។ ក្នុងសមយុទ្ធBlue Flag 2017 ដែលប្រព្រឹត្តកាលពី ថ្ងៃទី៦តុលា២០១៧ នៅអ៊ីស្រាអែល អ្នកបើកបរ F-16L របស់ប្រទេសនេះបានប្រឈមនឹងប្រព័ន្ធការពារដែនអាកាសS-300 PMU-1 របស់ក្រិក ដែលទិញពីរុស្ស៊ី។ ហេតុនេះអ៊ីស្រាអែលហាក់ដូចជាមាននូវគ្រោងការណ៍សម្រាប់ទប់ទល់ជាមួយប្រព័ន្ធS-300 រួចស្រេចហើយ។

គោលដៅយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលនៅស៊ីរីគឺរារាំងវត្តមានយោធារបស់អ៊ីរ៉ង់និងក្រុមប្រដាប់អាវុធHezbollah ដែលប្រទេសនេះគាំទ្រ ហើយវាបានគំរាមកំហែងចំពោះសន្តិសុខរបស់អ៊ីស្រាអែល។
ទ័ពអាកាសអ៊ីស្រាអែលបច្ចុប្បន្នកំពុងមានយន្តហោះប្រយុទ្ធបំបាំងកាយ F-35I Adir ចំនួន១២ក្រុម ដែលអាចចេញប្រតិបតិ្តការនៅពេលចាំបាច់។ទន្ទឹមនោះពួកគេក៏មានអាវុធសម្រាប់ប្រតិបតិ្តការវាយប្រហារប្រព័ន្ធ Internet ក៏ដូចជាប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកយ៉ាងទំនើប។ ប្រាកដណាស់អ៊ីស្រាអែលពិតជាមានសមត្ថភាពបំផ្លាញទាំងប្រព័ន្ធS-300 ដែលរុស្ស៊ីផ្តល់ឱ្យស៊ីរីប្រសិនបើនេះជារឿងចាំបាច់នោះ។
បែបនេះស្ថានការណ៍សង្គ្រាមនៅស៊ីរីពិតជាកាន់តែតឹងតែងជាងមុន៕
លីសា