ប្រភពពី Reuters នៅថ្ងៃទី២៦ខែកញ្ញា ឱ្យដឹងថា ប្រធានាធិបតីអាមេរិក Donald Trump ប្រកាសថា អាមេរិកនិងកូរ៉េខាងជើង«កំពុងមានទំនាក់ទំនងល្អប្រសើរ» ហើយអះអាងថាលោកនឹងថ្លែងជាសាធារណៈអំពីពេលវេលានិងទីកន្លែងជំនួបកំពូលបន្តទៀត«ក្នុងអនាគតយ៉ាងខ្លី»ជាមួយមេដឹកនាំ Kim។

ថ្លែងទៅកាន់អ្នកសារព័ត៌មានពេលទៅដល់ទីស្នាក់ការអង្គការសហប្រជាជាតិ ប្រធានាធិបតីTrump ពោល«ខ្ញុំនឹងជួបមេដឹកនាំកូរ៉េខាងជើងក្នុងពេលអនាគតយ៉ាងខ្លីខាងមុខ។យើងខ្ញុំកំពុងមានសន្និសីទសារព័ត៌មាននៅថ្ងៃនេះ។ យើងខ្ញុំនឹងចាប់ផ្តើមនិយាយដល់បញ្ហានេះ។ប៉ុន្ដែយើងខ្ញុំនឹងប្រកាសជាសាធារណៈអំពីពេលវេលានិងទីកន្លែងក្នុងអនាគតយ៉ាងខ្លីខាងមុខ»។
ឆ្លើយតបនឹងសំណួរថា តើកូរ៉េខាងជើងត្រូវធ្វើអ្វីនៅមុនដំណើរការនៃជំនួបកំពូលអាមេរិក-កូរ៉េខាងជើងលើកទី២ លោកTrump បានឆ្លើយថា ភាគីទាំងពីរទទួលបាននូវការ«រីកចម្រើនយ៉ាងធំធេង» តាំងពីឆ្នាំទៅមិញម្ល៉េះ។
ប្រធានាធិបតីអាមេរិកសង្កត់ធ្ងន់ថាៈ «គេកំពុងរំសាយនុយក្លេអ៊ែរនៅកូរ៉េខាងជើង។យើងខ្ញុំកំពុងមានចំណងទាក់ទងល្អប្រសើរជាមួយពួកគេ»៕
សូយន