ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យលោកស្រី Paola Pampaloni នាយិការងទទួលបន្ទុកអាស៊ី- ប៉ាស៊ីហ្វិក នៃមន្ទីរការបរទេសអឺរ៉ុប និងលោកឧត្តមសេនីយ៍ត្រី Danail BAEV ប្រធានផ្នែកស៊ើបការណ៍សម្ងាត់ នៃសេនាធិការយោធាសហភាពអឺរ៉ុប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ក្នុង ឱកាសដែលលោកស្រីចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៦
ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការពេញចិត្តចំពោះវឌ្ឍនភាពនៃភាពជាដៃគូយូរអង្វែង និងសន្ទុះរីកចម្រើនយ៉ាងស្វាហាប់នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ក៏ដូចជាប្រទេស សមាជិកសហភាពអឺរ៉ុប ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឱ្យ ប្រសើរឡើងនូវជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាពិសេសក្រោមក្របខ័ណ្ឌយុទ្ធសាស្ត្រ ច្រកទ្វារសកល និងគំនិតផ្តួចផ្តើមក្រុមអឺរ៉ុប។
លោកស្រី Paola Pampaloni បានស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមានជាបន្តបន្ទាប់នៃទំនាក់ទំនង កម្ពុជា-សហភាពអឺរ៉ុប និងបានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំងចំពោះលទ្ធផលនៃការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះការអភិវឌ្ឍកម្ពុជា អស់រយៈពេលជិតបីទសវត្សរ៍មកនេះ។
លោកស្រីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញា ចិត្តរបស់សហភាពអឺរ៉ុបក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ រួមទាំងការគាំទ្រដល់ការ ចាកចេញរបស់ប្រទេសកម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ឆ្ពោះទៅរកការសម្រេចបានឋានៈជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណសហភាពអឺរ៉ុបចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់ ជនភៀសសឹកកម្ពុជា ព្រមទាំងការគាំទ្រដល់បទឈប់បាញ់ និងដំណើរការសន្តិភាព ហើយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសនោះជម្រាបជូនព័ត៌មាន និងផ្លាស់ប្តូរមតិយោបល់ជាមួយលោកសី Paola Pampaloni អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ភាគីទាំងពីរ ដើម្បីបន្តពង្រឹងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងថាមវន្ត ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងជំនួបនេះ ភាគីទាំងពីរបានបង្ហាញពីការពេញចិត្តចំពោះវឌ្ឍនភាពនៃភាពជាដៃគូយូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយថាមវន្តរវាងកម្ពុជា និងសហភាពអឺរ៉ុប និងប្រទេសសមាជិក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជាដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជម្លោះនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








