ខេត្តក្រចេះ ៖ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំពីធីប្រុងពលី ដើម្បីបួងសួងសុំសេចក្តីសុខ និងទទួលបានជោគជ័យសម្រាប់ការប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ក្នុងគោលបំណងសំខាន់នៃការរៀបចំពិធីប្រុងពលីនេះ គឺដើម្បីបួងសួងដល់វត្ថុស័ក្តិសិទ្ធិ និងម្ចាស់ទឹកម្ចាស់ដី សូមឱ្យការប្រារព្ធព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ប្រព្រឹត្តទៅដោយជោគជ័យ និងនាំមកនូវសេចក្តីសុខដល់ថ្នាក់ដឹកនាំនិងក្រុមការងារគ្រប់ៗ គ្នា។
ក្នុងពិធីប្រពៃណីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ គណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូប។
សូមជម្រាបជូនថា ពិធីប្រុងពលី គឺជាពិធីបុរាណមួយតាមបែបប្រពៃណីសាសនា ដែលខ្មែរយើងនិយមធ្វើឡើងមុននឹងចាប់ផ្តើមការងារសំខាន់ណាមួយ ដើម្បីសុំសេចក្តីសុខសប្បាយ និងសុំពរជ័យឱ្យដំណើរការការងារប្រព្រឹត្តទៅដោយរលូន និងសិរីសួស្តី៕ រក្សាសិទ្ធដោយ៖សុទ្ធលី















