អធិការរងនគរបាលស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រូវក្មេងស្ទាវ ចាក់នឹងដែកមុតស្រួចចំខ្ទង់ច្រមុះក្បែរភ្នែក បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត និងបញ្ជូនបន្តទៅវៀតណាម ដោយសារគាត់នៅសន្លប់នៅឡើយ ព្រោះឈាមកកក្នុងខួរក្បាល។
អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ សូមគោរពជម្រាបជូន អំពីស្ថានភាពរបស់ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដែលបានរងរបួសក្នុងកិច្ចប្រតិបត្តិការករណីហិង្សាទៅវិញទៅមក (ក្មេងស្ទាវប្រតាយប្រតប់គ្នា) ក្រោមការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក្រោយពេលកើតហេតុ ដោយស្ថានភាពរបួសធ្ងន់ធ្ងរ លោកអធិការរងត្រូវបានបញ្ជូនដល់មន្ទីរពេទ្យ នៃប្រទេសវៀតណាម។ ស្ថានភាពរបួស មានឈាមកកក្នុងខួរក្បាល ពុំទាន់ដឹងខ្លួន វេជ្ជបណ្ឌិតកំពុងតាមដានដោយយកចិត្តទុកដាក់។
លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវបានក្រុមក្មេងបង្កហិង្សាដាក់ ពេលលោកដឹកនាំកម្លាំងនគរបាលចុះអន្តរាគមន៍ទប់ស្កាត់ក្រុមក្មេងស្ទាវវាយគ្នា កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅក្នុងកម្មវិធីប្រដាល់គុនខ្មែរមួយ ដែលរៀបចំដោយទូរទស្សន៍ Town។
នាយនគរបាលដែលរងរបួសពេលបំពេញប្រតិបត្តិការនេះ ឈ្មោះ ម៉ាប់ សុផាត មានឋានន្ដរស័ក្ដិថ្នាក់ វរសេនីយ៍ទោ ជាអធិការរងទទួលផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។
លោកវរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានដឹកនាំកម្លាំងអន្តរាគមន៍ចុះល្បាតចល័ត ក្នុងភូមិសាស្ត្រ ឃុំព្រែកកក់។ លុះរហូតដល់វេលាម៉ោង២៣៖០៥នាទី បានទទួលព័ត៌មានរាយការណ៍ថា មានករណីហិង្សាដោយចេតនា (ក្រុមក្មេងស្ទាវវាយប្រតាយប្រតប់គ្នា) នៅកន្លែងកម្មវិធីប្រដាល់គុនខ្មែររបស់ទូរទស្សន៍ Town នៅចំណុចភូមិបឹងដែង១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ទោ ម៉ាប់ សុផាត បានដឹកនាំកម្លាំងអន្តរាគមន៍ចុះទៅដល់កន្លែងកើតហេតុ និងបានចាប់ឃាត់ខ្លួនក្រុមក្មេងស្ទាវភ្លាមៗ ពេលកំពុងប្រតិបត្តិការស្រាប់តែមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកឧបករណ៍មុតស្រួចចាក់ត្រូវចំខ្ទង់ច្រមុះ ក្បែរភ្នែកខាងស្តាំចំនួន០២កន្លែង រងរបួសធ្ងន់ធ្ងរ បណ្តាលឲ្យដួលសន្លប់ភ្លាមៗនៅកន្លែងកើតហេតុ។ រីឯជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចយើងបង្ក្រាបឃាត់ខ្លួននៅកន្លែងកើតហេតុភ្លាមៗ និងនាំខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី។
ចំណែក លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវបានកម្លាំងនគរបាលយកមកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកស្ទឹងត្រង់ និងបញ្ចូនបន្តទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យខេត្ត សម្រេចចិត្តបញ្ចូនបន្តទៅព្យាបាលមន្ទីរពេទ្យកាល់ម៉ែត។
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ លោកវរសេនីយ៍ទោ ម៉ាប់សុផាត (មានឈាមកកក្នុងខួរក្បាល) សន្លប់មិនទាន់ដឹងខ្លួននៅឡើយ និងកំពុងបន្តបញ្ចូនទៅព្យាបាលប្រទេសវៀតណាម៕ រក្សាសិទ្ធដោយ៖សុទ្ធលី








