Tuesday, April 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃចេញសេចក្តីណែនាំស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីរួមគ្នាបញ្ចប់អេដស៍

ភ្នំពេញ ៖ យោងតាមសារាចរលេខ ២០ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីការជំរុញការប្រើប្រាស់ ស្រោមអនាម័យឱ្យបាន១០០ភាគរយ ដើម្បីបង្ការមេរោគអេដស៍ និងជំងឺអេដស៍ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំ ដល់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គលេខាធិការ អគ្គាធិការ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួង អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងលោក លោកស្រីមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងអស់ចូលរួមអនុវត្ត និងផ្សព្វផ្សាយនូវសារដូចខាងក្រោម៖

១. បន្តផ្សព្វផ្សាយអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% ក្នុងការទប់ស្កាត់ការចម្លង មេរោគអេដស៍ពីដៃគូរួមភេទ។

២. បន្តចូលរួមផ្សព្វផ្សាយអំពីហានិភ័យនៃមេរោគអេដស៍ និងលុបបំបាត់ទស្សនៈយល់ច្រឡំថានៅកម្ពុជា គ្មានអេដស៍ទៀតទេ ព្រមទាំងជំរុញឱ្យមានការចូលរួមទាំងអស់គ្នាដើម្បីរួមគ្នាបញ្ចប់អេដស៍តាមរយៈការ អនុវត្តវិធានការបង្ការការពារឱ្យបានហ្មត់ចត់ ដូចជាការប្រើប្រាស់ស្រោមអនាម័យ១០០% ជាដើម។

៣. ជំរុញប្រជាជនគន្លឹះបម្រើការក្នុងសេវាកម្សាន្តដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍ឱ្យប្រញាប់ទៅធ្វើតេស្ត រកមេរោគអេដស៍ជាបន្ទាន់ ដើម្បីទទួលបានសេវាថែទាំព្យាបាលទាន់ពេលវេលា។

៤. ធានាឱ្យមានការរក្សាទុក និងចែកចាយស្រោមអនាម័យឱ្យបានទូលំទូលាយនៅតាមទីកន្លែងដែលមានការ ចាំបាច់នានា ជាពិសេសនៅតាមមូលដ្ឋានសេវាកម្សាន្តដូចជា រង្គសាល បៀរហ្គាឌិន សណ្ឋាគារ ផ្ទះសំណាក់ ឬគ្រប់កន្លែងដែលសង្ស័យថាមានការរួមភេទជាដើម។

៥. ស្រោមអនាម័យមិនត្រូវបានយកធ្វើជាកម្មវត្ថុនៃការដាក់បន្ទុកឡើយ លើកលែងតែការប្រើស្រោមអនាម័យ ក្នុងការប្រព្រឹត្តបទល្មើសជួញដូរផ្លូវភេទជាក់ស្តែង។

ទទួលបានសេចក្តីណែនាំនេះ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការ អគ្គលេខាធិការ អគ្គាធិការ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួង អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត និងលោក លោកស្រី មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×