Sunday, May 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកព័ត៌មាន មិនបានស្វែងរកកិត្តិយសផ្ទាល់ខ្លួនទេ ប៉ុន្តែបានបំពេញបេសកកម្មដ៏ថ្លៃថ្នូរ ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងកត់ត្រាការឈឺចាប់ ការតស៊ូ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ក្នុងសម័យកាលដ៏លំបាកមួយនៃប្រវត្តិសាស្ត្រជាតិ

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា ការជួបជុំគ្នានៅក្នុងឱកាសនៃ ការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ឆ្នាំ២០២៦ ដើម្បីរំឭកដោយក្តីគោរពយ៉ាងជ្រាលជ្រៅ ចំពោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានបំពេញបេសកកម្មនៅកម្ពុជា ជាពិសេសអ្នកសារព័ត៌មានដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសក្នុងសង្គ្រាមនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៩៨។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួន នៅក្នុងសម័យសង្គ្រាមនៅកម្ពុជា ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងឱកាសនៃខួបលើកទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ « ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព » (៣ ឧសភា ១៩៩៣ – ៣ ឧសភា ២០២៦) នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារ មុខស្ថានទូតបារាំង រាជធានីភ្នំពេញ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបលើកទី៣៣ ទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលប្រារព្ធធ្វើឡើងនៅក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការកសាងអនាគតមួយ ប្រកបដោយសន្តិភាព” ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតបរទេស និងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូប។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ពេលយើងនិយាយពីឆ្នាំ១៩៧០ ដល់ឆ្នាំ២០២៦ គឺមានរយៈពេល ៥ឆ្នាំក្នុងដំណើរកម្ពុជា។ រយៈពេលនេះ មិនមែនគ្រាន់តែជាចំនួនឆ្នាំនោះទេ ប៉ុន្តែជាដំណើរដ៏វែងឆ្ងាយរបស់ប្រទេសមួយ ដែលបានឆ្លងកាត់សង្គ្រាម អំពើហិង្សា សោកនាដកម្ម ការបែកបាក់ ការស្តារឡើងវិញ សន្តិភាព ការអភិវឌ្ឍ និងការបន្តកសាងអនាគត។ ក្នុងដំណើរ ៥៦ឆ្នាំនេះ អ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ហើយអ្នកសារព័ត៌មានបានក្លាយជាសាក្សីនៃប្រវត្តិសាស្ត្រ ជាអ្នកកត់ត្រាការពិត និងជាស្ពានភ្ជាប់រវាងព្រឹត្តិការណ៍នៅលើដីកម្ពុជា ជាមួយនឹងប្រជាជនកម្ពុជា និងពិភពលោក។ ចាប់ពីសម័យសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ដំណាក់កាលនៃការស្វែងរកសន្តិភាព និងរហូតដល់កម្ពុជានាពេលបច្ចុប្បន្ន តួនាទីរបស់អ្នកសារព័ត៌មានតែងតែមានសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងចូលរួមកសាងការយល់ដឹងសាធារណៈ។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងអំឡុងសង្គ្រាម និងអស្ថិរភាព អ្នកសារព័ត៌មានជាច្រើនបានឈរនៅជួរមុខនៃប្រវត្តិសាស្ត្រ ហើយបានធ្វើដំណើរឆ្លងកាត់តំបន់ប្រយុទ្ធ តំបន់គ្រោះថ្នាក់ និងស្ថានភាពដែលពោរពេញដោយហានិភ័យ ដើម្បីនាំយកការពិតទៅកាន់ប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិ។
អ្នកសារព័ត៌មាន មិនបានកាន់អាវុធទេ ប៉ុន្តែបានកាន់ប៊ិច កាមេរ៉ា ម៉ាស៊ីនថត សៀវភៅកត់ត្រា និងសេចក្តីក្លាហាន។ អ្នកព័ត៌មាន មិនបានស្វែងរកកិត្តិយសផ្ទាល់ខ្លួនទេ ប៉ុន្តែបានបំពេញបេសកកម្មដ៏ថ្លៃថ្នូរ ក្នុងការផ្តល់ព័ត៌មាន បង្ហាញការពិត និងកត់ត្រាការឈឺចាប់ ការតស៊ូ និងក្តីសង្ឃឹមរបស់ប្រជាជនកម្ពុជា ក្នុងសម័យកាលដ៏លំបាកមួយនៃប្រវត្តិសាស្ត្រជាតិ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការបាត់បង់ជីវិត និងរបួសរបស់អ្នកសារព័ត៌មានទាំងនោះ គឺជាការលះបង់ដ៏ធំធេង មិនត្រឹមតែសម្រាប់វិស័យសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សង្គមទាំងមូល។ ពួកគាត់បានបង្ហាញឱ្យយើងឃើញថា សេរីភាពសារព័ត៌មាន សិទ្ធិទទួលបានព័ត៌មាន និងការស្វែងរកការពិត មិនមែនជារឿងងាយស្រួលឡើយ។ វាត្រូវបានកសាងឡើងលើការលះបង់ ការប្តេជ្ញាចិត្ត និងពេលខ្លះ លើតម្លៃជីវិតរបស់មនុស្ស៕រក្សាសិទ្ធដោយ៖សុទ្ធលី

×