វិមានរដ្ឋសភា៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានសម្រេចកំណត់យកថ្ងៃអង្គារ ទី១២ ខែឧសភា ខាងមុខនេះ ដើម្បីបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្នុងគោលបំណងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ។
សេចក្តីព្រាងច្បាប់ដែលនឹងត្រូវដាក់ឆ្លងក្នុងសម័យប្រជុំវិសាមញ្ញនោះ រួមមាន៖ ទី១. សេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា និង ទី២. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលជូនក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN)។
មុនឈានដល់ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គនេះ អន្តរគណៈកម្មការជំនាញរដ្ឋសភាបានធ្វើការយ៉ាងម៉ត់ចត់ជាមួយតំណាងរាជរដ្ឋាភិបាល។ កាលពីថ្ងៃទី៤ ខែឧសភា កន្លងទៅ អន្តរគណៈកម្មការរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ បានពិភាក្សាលម្អិតជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា៖
· អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា)។
- ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។
- ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ។
· ការបេជ្ញាចិត្ត៖ រាជរដ្ឋាភិបាល និងរដ្ឋសភា ប្តេជ្ញាអនុវត្តច្បាប់នេះឱ្យមានតម្លាភាព និងយុត្តិធម៌បំផុត ដោយគ្មានការលើកលែងសម្រាប់កូនអ្នកមានទ្រព្យសម្បត្តិ ឬមន្ត្រីជាន់ខ្ពស់ឡើយ។
· អត្ថប្រយោជន៍៖ អ្នកបញ្ចប់កាតព្វកិច្ចនឹងទទួលបានអាទិភាពក្នុងក្របខ័ណ្ឌការងារ រក្សាមុខតំណែង និងប្រាក់បៀវត្សរ៍ (សម្រាប់អ្នកមានការងារស្រាប់) និងសិទ្ធិបន្តការសិក្សា។
· ទោសប្បញ្ញត្តិ៖ បុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ៥ ឆ្នាំ។
ទន្ទឹមនឹងវិស័យការពារជាតិ វិស័យថាមពលក៏ជាអាទិភាពចម្បងផងដែរ។ កាលពីថ្ងៃទី៦ ខែឧសភាគណៈកម្មការទី២ និងទី៩ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ឈាង វុន និង លោកជំទាវ និន សាផុន បានជួបពិភាក្សាជាមួយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើសេចក្តីព្រាងច្បាប់ធានាទូទាត់ជូនក្រុមហ៊ុន EVN ដើម្បីធានាឱ្យបាននូវ៖
- ស្ថិរភាពការផ្គត់ផ្គង់៖ បង្ការការដាច់ចរន្តអគ្គិសនី ខណៈតម្រូវការប្រើប្រាស់មានការកើនឡើង។
- ស្ថិរភាពតម្លៃ៖ រក្សាតម្លៃអគ្គិសនីឱ្យសមរម្យសម្រាប់ជីវភាពប្រជាពលរដ្ឋ។
- កាតព្វកិច្ចអន្តរជាតិ៖ បន្តលិខិតធានាថ្មីជំនួសលិខិតចាស់ដែលផុតសុពលភាព ឱ្យបានត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។
ជារួម រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីធ្វើឱ្យច្បាប់ទាំងពីរនេះមានគុណភាព និងប្រសិទ្ធភាពខ្ពស់បំផុត សម្រាប់បម្រើផលប្រយោជន៍ជាតិ និងប្រជាជន។
ដើម្បីធានាឱ្យកិច្ចដំណើរការកិច្ចប្រជុំវិសាមញ្ញខាងមុខប្រព្រឹត្តទៅដោយរលូន គណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានអនុម័តសមាសភាពលេខាធិការចំនួន ៣ រូប រួមមាន៖ ឯកឧត្តម ឃុត ចាន់ដារ៉ា, ឯកឧត្តម ម៉ាត់ សេត និង ឯកឧត្ដម សេង ញ៉ក់ ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី















