Friday, May 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ បានបញ្ជាក់ម្តងហើយម្តងទៀត អំពីការប្តជ្ញាចិត្តដ៏មុតមាំរបស់ខ្លួន ក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសេចក្តីថ្លែងការណ៍សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបច្ចុប្បន្នភាពថ្មីពីរាជរដ្ឋាភិបាលដូចតទៅ៖

ទី១៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវសរុបជាង ១២០០នាក់ កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ គោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺជាការអនុវត្តក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងជាឱកាសក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ពាក្យដាស់តឿនក្រើនរម្លឹកដ៏មានតម្លៃដែលសម្តេចប្រធានព្រឹទ្ធសភា និងប្រមុខរដ្ឋស្តីទី តែងតែលើកឡើងនៅគ្រប់វេទិកាគឺ «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ តែគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។

ទី២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យមានការអនុវត្ដដោយពេញលេញភ្លាមៗ និងទាំងស្រុងនូវសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេសចំណុចទី៣ ដោយត្រូវចាប់ផ្ដើមដំណើរការឡើងវិញជាបន្ទាន់នូវការវាស់វែង និងខណ្ឌសីមារបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយគ្មានការពន្យារពេលបន្តទៀត។ ការអំពាវនាវរបស់សម្តេចធិបតីបានធ្វើឡើងក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីបញ្ចប់កិច្ចប្រជុំត្រីភាគីកម្ពុជា ហ្វីលីពីន និងថៃ នៅឯកោះសេប៊ូ ប្រទេសហ្វីលីពីន ទីដែលកិច្ចប្រជុំកំពូលអាស៊ានកំពុងបើកធ្វើ។

សម្តេចមហាបវរធិបតី បានឱ្យដឹងទៀតថា កិច្ចប្រជុំត្រីភាគីនេះបានពិភាក្សាអំពីការចាប់ផ្ដើមឡើងវិញនូវរាល់យន្ដការដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ប្រទសថៃ បានចាប់ផ្ដើមអនុវត្ដការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។

សម្តេចធិបតីនាយករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា យន្តការនេះ គឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះក៏នឹងជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូអង្វែងរវាងប្រទេសយើងទាំងពីរ។ សម្តេចមហាបវរធិបតី បានគូសបញ្ជាក់ច្បាស់ៗថា កម្ពុជាសូមរម្លឹកឡើងវិញថា ខ្សែព្រំដែនមិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) នោះទេ។

កម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងសូមថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្ដបន្ទាប់ ហើយកម្ពុជាបានផ្តល់កិច្ចសហប្រតិបត្ដិការពេញទំហឹង និងអំពាវនាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្ដបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀងគ្នា។

កិច្ចប្រជុំក៏បានពិភាក្សាផងដែរ អំពីទិសដៅទៅអនាគត សម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា ជាមួយនឹងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ “យន្តការផ្សះផ្សារដោយចាប់បង្ខំ” ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ប្រទេសថៃ ចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១។ កម្ពុជាជឿជាក់ថា នេះគឺជាមាគ៌ាសន្តិវិធី ដែលនឹងនាំទៅរកដំណោះស្រាយប្រកបដោយយុត្តិធម៌សម្រាប់ភាគីទាំងពីរ។

ជាចុងក្រោយ សម្តេចធិបតីគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ ចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្តដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបោះជំហានទៅមុខប្រកបដោយស្មារតីស្ថាបនាឆាប់រហ័ស និងដោយសុឆន្ទៈ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមគូសរំលេចឡើងវិញថា ទន្ទឹមនឹងជំហរម៉ឺងម៉ាត់របស់កម្ពុជាក្នុងការគោរពបទឈប់បាញ់ និងជំរុញឱ្យមានការអនុវត្តពេញលេញសេចក្តីប្រកាសរួមថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥, ហ្វីលីពីនក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ បានបញ្ជាក់ម្តងហើយម្តងទៀតអំពីការប្តជ្ញាចិត្តដ៏មុតមាំរបស់ខ្លួនក្នុងការសម្របសម្រួលដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ ជាក់ស្តែង រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានអះអាងក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ថា ហ្វីលីពីននឹងជំរុញឱ្យអាស៊ានដោះស្រាយបញ្ហាប្រឈមនានាទាំងថ្មីនិងចាស់ ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា។ ចំណែកប្រធានបេសកកម្មអ្នកសង្កេតការណ៍អាស៊ាន (AOT HOM) ហ្វីលីពីន ប្រចាំកម្ពុជាបានសន្យាថា នឹងបំពេញការងារយ៉ាងសកម្មជាពិសេសបង្កើនការល្បាតតាមបណ្តោយព្រំដែន ដែលមានជម្លោះដើម្បីធានាថា មិនឱ្យមានភាគីណាបំពានលើភាគីណាឡើយ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×