Saturday, May 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី បានថ្លែងរម្លឹកយ៉ាងទទូចថា ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) ដើម្បីផ្លាស់ប្ដូរ ខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន។

ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសហ្វីលីពីន របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺជាព្រឹត្តិការណ៍ថ្មីដ៏លេចធ្លោមួយទៀតសម្រាប់ប្រទេសកម្ពុជា។ ក្រៅពីចូលរួមចំណែកក្នុងការជជែកពិភាក្សាផ្លាស់ប្តូរយោបល់ដើម្បីផ្តល់ទស្សនាទានសម្រាប់ជាផលប្រយោជន៍តំបន់ និងពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសសមាជិកអាស៊ាន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានធ្វើសកម្មភាពការទូតយ៉ាងសកម្មនិងលេចធ្លោក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ទាំងព្រំដែនគោកនិងព្រំដែនសមុទ្រ។

ភាពពាក់ព័ន្ធ និងអំណាចទន់របស់អាស៊ាន គឺកើតចេញពីតួនាទីជាអន្តរការីដែលអាចជឿទុកចិត្តបាន និងមាន អព្យាក្រឹតភាពក្នុងការចូលរួមជាមួយបណ្តាភាគីដោយយុត្តិធម៌ និងភាពជឿជាក់នៅក្នុងបរិបទដែលពិភពលោក កាន់តែប្រឈមចំពោះភាពបែកបាក់។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងវិបត្តិខាងក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ថ្នាក់ដឹកនាំអាស៊ានក៏បានអនុម័ត (១) ពិធីសារសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន (២) សេចក្ដីថ្លែងការណ៍អាស៊ានស្ដីពីកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ (៣) សេចក្ដី ប្រកាសថ្នាក់ដឹកនាំអាស៊ានស្តីពីការឆ្លើយតបទៅនឹងវិបត្តិនៅមជ្ឈិមបូព៌ា (៤) សេចក្ដីថ្លែងការណ៍អាស៊ានស្តីពី ការផ្ដល់អំណាចដល់យុវជនក្នុងសកម្មភាពអាកាសធាតុ និងភាពធន់ទៅនឹងគ្រោះមហន្តរាយ និង (៥) សេចក្តី ថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីការបង្រួបបង្រួមអាស៊ានលើការឆ្លើយតបគ្រោះមហន្តរាយ៖ ពិធីសារយុទ្ធសាស្ត អាស៊ានសម្រាប់ការផ្លាស់ប្ដូរក្នុងគ្រាអាសន្ន និងគ្រប់ជ្រុងជ្រោយ (ASPECT)។

ក្របខ័ណ្ឌនយោបាយ និងការទូត៖ តាមរយៈកិច្ចប្រជុំកំពូលអាស៊ាននេះ សម្ដេចធិបតី បានអញ្ជើញជួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសជាច្រើន រួមមាន៖
ជំនួបត្រីភាគីកម្ពុជា-ហ្វីលីពីន-ថៃ៖ កិច្ចប្រជុំត្រីភាគីនេះ បានពិភាក្សាអំពីវិធានការកាត់បន្ថយភាពតានតឹង រវាងថៃនិងកម្ពុជា និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ។ សម្ដេចធិបតី បានថ្លែងរម្លឹកយ៉ាងទទូចថា ការប្រើប្រាស់កម្លាំង និងការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង (faits accomplis) ដើម្បីផ្លាស់ប្ដូរ ខ្សែបន្ទាត់ព្រំដែន គឺជាការណ៍មួយដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។ ទន្ទឹមនេះ សម្ដេចធិបតី និងនាយករដ្ឋមន្ត្រីថៃ ប្តេជ្ញាចិត្តរួមគ្នាថា នឹងធ្វើឱ្យទំនាក់ទំនងកម្ពុជា-ថៃ មានប្រក្រតីភាពឡើងវិញជាលំដាប់ ក្នុងគោលដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ។ សម្ដេចធិបតី បានលើកឡើងថា ត្រូវតែចាប់ផ្តើមឡើងវិញនូវរាល់យន្តការដែលមានស្រាប់ ជាពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) បន្ទាប់ពី រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ បានចាប់ផ្តើមអនុវត្តការងាររបស់ខ្លួនបានយ៉ាងពេញលេញរួចមក។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថា យន្តការនេះ គឺពិតជាចាំបាច់ក្នុងការធានាបញ្ចប់ការបង្កើតអង្គហេតុសម្រេចលើ ទីតាំងជាក់ស្ដែង (faits accomplis) និងដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរពស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។ ការណ៍នេះក៏នឹង ជួយលើកកម្ពស់ទំនុកចិត្ត និងនាំមកនូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។

កម្ពុជាក៏បានវាយតម្លៃខ្ពស់ ចំពោះតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងបាន ថ្លែងអំណរគុណដល់ប្រទេសសមាជិកអាស៊ានចំពោះការគាំទ្រ និងការចូលរួមចំណែកជាបន្តបន្ទាប់ ហើយកម្ពុជាបាន ផ្តល់កិច្ចសហប្រតិបត្តិការពេញទំហឹង និងអំពាវនាវឱ្យពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាដល់ការអនុវត្តបទឈប់បាញ់ និងរាល់វិធានការដែលបានព្រមព្រៀងគ្នា។ កិច្ចប្រជុំនេះក៏បានពិភាក្សាអំពីទិសដៅទៅអនាគត សម្រាប់ការដោះស្រាយការទាមទារដែនសមុទ្រត្រួតគ្នា ជាមួយនឹងការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រើប្រាស់ «យន្តការផ្សះផ្សារដោយចាប់បង្ខំ» ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីការដកខ្លួនរបស់ប្រទេសថៃចេញពីអនុស្សរណៈនៃការ យោគយល់គ្នាឆ្នាំ២០០១។ កម្ពុជាជឿជាក់ថា នេះគឺជាមាគ៌ាសន្តិវិធីដែលនឹងនាំទៅរកដំណោះស្រាយប្រកបដោយអយុត្តិធម៌សម្រាប់ភាគីទាំងពីរ។ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំចំពោះការ ដោះស្រាយជម្លោះដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់ រួមទាំងការប្តេជ្ញាចិត្ត ដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និង សេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបោះជំហានទៅមុខប្រកបដោយ ស្មារតីស្ថាបនាឆាប់រហ័ស និងដោយសុឆន្ទៈ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×