នៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើជើងសិប្បនិម្មិត ដែលជាអំណោយរបស់កងទ័ពជើងគោកឥណ្ឌា ជូនដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា កងទ័ពឥណ្ឌា និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ចំពោះការគាំទ្រដ៏មានអត្ថន័យនេះ ដែលបានឆ្លុះបញ្ចាំងអំពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកងទ័ពទាំងពីរ។ឯកឧត្តម ក៏បានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការការពារជាតិ រួមមាន ការរៀបចំវគ្គបណ្តុះបណ្តាល និងការរៀបចំសមយុទ្ធទ្វេភាគី CINBAX II ដែលកំពុងប្រព្រឹត្តទៅនៅកម្ពុជា។
ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រព័ន្ធហ្វឹកហ្ចឺននេះ ត្រូវបានប្រគល់ជូនកងទ័ពជើងគោកកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ហើយការដាក់ឱ្យដំណើរការនៅថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកងទ័ពទាំងពីរ។ ឯកឧត្តម ជឿជាក់ថាប្រព័ន្ធហ្វឹកហ្វឺនទំនើបនេះ នឹងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពហ្វឹកហ្វឺន វិជ្ជាជីវៈ និងការត្រៀមខ្លួនប្រតិបត្តិការរបស់កងទ័ពជើងគោកកម្ពុជា។រក្សាសិទ្ធដោយ៖សុទ្ធលី










