Saturday, May 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នអ្នកលួចនាំចូលផ្លែទុរេនដែលរំលោភបំពានបទ ប្បញ្ញត្តិស្តីពីគយ ពីប្រទេសថៃ មក កម្ពុជា

សាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងការលួចនាំចូលផ្លែទុរេនដែលរំលោភបំពានបទ ប្បញ្ញត្តិស្តីពីគយ ពីប្រទេសថៃ មក កម្ពុជា កាលពីថ្ងៃទី១៧ ១៩ និង២១ ខែមេសា ឆ្នាំ២០២៦។

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា : ពាក់ព័ន្ធនឹងករណី លួចនាំចូលផ្លែទុរេនរំលោភបំពានបទប្បញ្ញត្តិនៃច្បាប់ស្តីពីគយ កាលពីថ្ងៃទី១៧,១៩ និង២១ ខែមេសា ឆ្នាំ២០២៦ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល (កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយ ឈ្មោះ លឿន សាក់ឡែន ភេទស្រី អាយុ៣១ឆ្នាំ បានបញ្ជាទិញផ្លែទុរេនចំនួន ៣ លើក នៅថ្ងៃទី១៧ នៅថ្ងៃទី១៩ និង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដែលមានទម្ងន់សរុបប្រហែល ១.០០០ (មួយពាន់) គីឡូក្រាម ពីប្រទេសថៃដើម្បីលក់បន្តឱ្យឈ្មោះ ព្រុំ សុខណយ ហៅ យ៉ាដា ភេទស្រី អាយុ២៦ឆ្នាំ តាមការបញ្ជាទិញ ដែលត្រូវបាននាំចូលដោយ មានការលាក់បំបាំង មិនបង់ពន្ធគយ និង ពុំមានការអនុញ្ញាតឡើយ ព្រមទាំងត្រូវបានហាមឃាត់ដោយអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា។

ផ្អែកតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៣៤៧ អយ.(គ) ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៃសំណុំរឿងព្រហ្មទណ្ឌលេខ ៦១៧ ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ តំណាងអយ្យការអមសាលាដំបូងខេត្ត បាត់ដំបង បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ព្រុំ សុខណយ ហៅ យ៉ាដា (គេចខ្លួន) ពីបទ ផ្តើមគំនិត ក្នុងអំពើលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់ អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៤ ថ្ងៃទី១៧ ថ្ងៃទី១៩ និង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសមាន បញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៧៥ នៃច្បាប់ស្តីពីគយ។ ចំណែកឯឈ្មោះ គ្រឿន សាក់ឡែន (ឃាត់ខ្លួន) និង បក្ខពួក ត្រូវបានចោទប្រកាន់ពីបទ ការលួចនាំចូលទំនិញគេចពន្ធ ប្រព្រឹត្តនៅ ចំណុចច្រកទ្វារតំបន់អូររំដួល(កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ថ្ងៃទី ១៩ និងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៧៥ នៃច្បាប់ស្តីពីគយ។

អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង សូមជម្រាបជូនបន្ថែមថា ជនត្រូវចោទឈ្មោះ ហឿន សាក់ឡែន តាមរយៈជនជាតិថៃដែលរស់នៅប្រទេសថៃមាន ជាអ្នកបញ្ជាទិញផ្លែទុរេននាំចូលពីប្រទេសថៃមកកម្ពុជា ឈ្មោះ Piyada BumBim ហៅ ចែម៉ូ។ ការនាំចូលផ្លែទុរេនចេញពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជានេះ ឈ្មោះ Piyada BumBim ហៅ ចែម៉ូ បានប្រាប់ជនត្រូវចោទឈ្មោះ ហឿន សាក់ឡែន ថាផ្លែការណ៍នោះ ត្រូវបាននាំ ចូលតាមច្រកកាប៊ីន និង ដឹកតាមរថយន្តយកមកទម្លាក់ឱ្យឈ្មោះ គ្រឿន សាក់ឡែន ជាអ្នកចាំទទួល នៅចំណុចផ្សារ ភូពុយខេត្តបាត់ដំបង។ បន្ទាប់ពីទទួលបានផ្លែទុរេនរួច ជនត្រូវចោទឈ្មោះ លឿន សាក់ឡែន បានយកផ្លែទុរេនមកទុកនៅតូបលក់ទុរេន ស្ថិតនៅចំណុចផ្សារភូពុយ ខេត្តបាត់ដំបង ហើយបានជួលរថយន្តឱ្យដឹកផ្លែទុរេនទាំង អស់នោះ ទៅកាន់រាជធានីភ្នំពេញ ដោយមានជនត្រូវចោទឈ្មោះ ព្រុំ សុខណយ ហៅ យ៉ាដា ជាអ្នកចាំទទួល ផ្លែទុរេនយកទៅលក់បន្តនៅខេត្តកំពង់ចាម។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យលើអង្គហេតុ អង្គច្បាប់ ភស្តុតាង និងការធ្វើមូលវិចារណ៍ លើមូលហេតុនៃការឃុំខ្លួនបណ្តោះអាសន្នរួចមក ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើ ជនត្រូវចោទឈ្មោះ លឿន សាក់ឡែន ដែលត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ ការលួចនាំចូលទំនិញ គេចពន្ធ ប្រព្រឹត្តនៅចំណុចច្រកទ្វារតំបន់អូររំដួល (កាប៊ីន) ស្ថិតនៅក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ថ្ងៃទី១៩ និង ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បទល្មើសមានបញ្ញត្តិឱ្យផ្តន្ទាទោសតាម មាត្រា ៧៥ នៃច្បាប់ស្តីពីគយ តាមរយៈដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នលេខ ៦៣២ ត.ព្រ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ និង បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៧១៩ ត.ព្រ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦។ ចំណែកជនត្រូវចោទ ដែលកំពុងរត់គេចខ្លួន និង បក្ខពួក ចៅក្រមស៊ើបសួរកំពុងបន្តចំណាត់ការស៊ើបសួរ តាមនីតិវិធី និង អនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីធានាការពារនូវផលប្រយោជន៍ជាតិ និងប្រជាជន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×