Monday, May 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីឃាតកម្មសម្លាប់ក្មេងស្រីម្នាក់អាយុ ៥ ឆ្នាំ, ជនសង្ស័យឆ្លើយថា ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ភេទប្រុស និងបាននាំខ្លួនស្ត្រីម្នាក់ទៀតមកសាកសួរ ពាក់ព័ន្ធនឹងករណីឃាតកម្ម និងចាប់ជំរិតទារប្រាក់ នៅខេត្តកណ្តាល បន្ទាប់ពីសមត្ថកិច្ចបានប្រទះឃើញសាកសពក្មេងស្រីម្នាក់អាយុ ៥ ឆ្នាំ។
នៅថ្ងៃទី១០ ខែឧសភា វេលាម៉ោងប្រហែល ១១:៣០ នាទី ម្តាយរបស់ជនរងគ្រោះអាយុ ៥ឆ្នាំ បានរាយការណ៍អំពីការបាត់ខ្លួនកូនស្រីមកកាន់សមត្ថកិច្ច ដោយបានបញ្ជាក់ថា គាត់បានទទួលសារជំរិតទារប្រាក់ ជាថ្នូរនឹងការដោះលែងកូនស្រីរបស់គាត់ឱ្យមានសុវត្ថិភាពមកវិញ។

ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងមន្ត្រីជំនាញបានបើកប្រតិបត្តិការស្វែងរក និងសង្គ្រោះកុមាររងគ្រោះជាបន្ទាន់។ ប៉ុន្តែ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តយ៉ាងណាក៏ដោយ ករណីនេះបានបញ្ចប់ទៅដោយការរកឃើញសាកសពក្មេងស្រីម្នាក់ដែលស្លាប់យ៉ាងអាណោចអាធម៌ និងជារឿងដែលមិនគួរឱ្យកើតមានឡើងទាល់តែសោះ។ ក្រុមមន្ត្រីស៊ើបអង្កេតដែលបានចូលរួមក្នុងករណីនេះគ្រប់រូប សុទ្ធតែមានក្ដីរំជួលចិត្ត និងរន្ធត់ជាខ្លាំងចំពោះលទ្ធផលដ៏សោកសៅមួយនេះ។

ក្នុងអំឡុងពេលឆែកឆេរលំនៅដ្ឋានមួយកន្លែង ស្ថិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង សមត្ថកិច្ចបានរក ឃើញសាកសពកុមាររងគ្រោះ។ ក្រោយពេលបានដំណឹង ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) បានចុះធ្វើ កោសល្យវិច័យនៅកន្លែងកើតហេតុ និងពិនិត្យសាកសពកុមាររងគ្រោះ ដោយមានកិច្ចសហប្រតិបត្តិការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ក្រោយការស៊ើបអង្កេត អាជ្ញាធរជឿជាក់ថាជនសង្ស័យបានជាប់ពាក់ព័ន្ធនឹងការចាប់ជំរិត និងការទារប្រាក់ មុនពេលសម្លាប់កុមាររងគ្រោះ។ ក្នុងនោះបុរសជាជនសង្ស័យម្នាក់អាយុ ៣៥ឆ្នាំ ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទ «ឃាតកម្ម និងការចាប់ជំរិតកុមារ»
លោក James McCabe នាយកអង្គភាពការពារកុមារ (CPU) បាន មានប្រសាសន៍ថា “ក្រុមមន្ត្រីស៊ើបអង្កេតបានខិតខំប្រឹងប្រែងធ្វើការដោយមិនគិតពីការនឿយហត់ ដើម្បីជួយសង្គ្រោះកុមារដ៏ស្លូតត្រង់រូបនេះ។ ករណីនេះគឺជាសោកនាដកម្មដ៏សាហាវឃោរឃៅ និងជារឿងដែលមិនគួរឱ្យកើតមានឡើងទាល់តែសោះ ដែលវាបានប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ផ្លូវចិត្ត របស់មន្ត្រីគ្រប់រូប ដែលបានចូលរួមក្នុងការស៊ើបអង្កេតនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តម ស្នងការ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល សម្រាប់ការឆ្លើយតប និងការចាត់វិធានការយ៉ាងរហ័ស។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព»។
ការស៊ើបអង្កេតនេះកំពុងតែបន្តដំណើការនៅឡើយ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលសូមជម្រាបជូនសាធារណជនពាក់ព័ន្ធការបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់ករណី ៖ ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណី៖ ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០នាទីនៅចំណុច៖ ផ្ទះរបស់ឈ្មោះ គីម វណ្ណា ស្ថិតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះ ០១នាក់ (ស្លាប់)ឈ្មោះ រតនា ម៉េងស៊ីម ភេទស្រី អាយុ០៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅក្នុងបន្ទុក មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ឪពុកឈ្មោះ ទេព រតនា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ។
ម្ដាយឈ្មោះ ជឿន សុីនួន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ ។
អ្នកទាំងពីរ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (គ្រួសារជនរងគ្រោះរាល់ថ្ងៃសៅរ៍ អាទិត្យ តែងតែនាំគ្នាទៅលេស្រុកកំណើតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល) ។
ជនសង្ស័យ ០១នាក់ (ឃាត់ខ្លួន)ឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។ (ត្រូវជាពូសាច់ថ្លៃ)តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)

វត្ថុតាងចាប់យក៖១.ទូរសព្ទដៃ ០១គ្រឿងម៉ាក Nokia (អិនចុចពិល) ពណ៌ខៀវ។២.ទូរសព្ទដៃ ០១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ (ជារបស់ជនសង្ស័យ)។

នៅចំពោះមុខសមត្ថកិច្ចជនសង្យ័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពតែម្នាក់ឯង ចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ចាប់ជំរិតបណ្តាលឱ្យជនរងគ្រោះស្លាប់) ពិតប្រាកដមែន។
មូលហេតុ : ជនសង្ស័យឆ្លើយថា ដោយសារម្តាយជនរងគ្រោះមើលងាយក្រុមគ្រួសារខ្លួន និងខ្ចីលុយពីម្តាយជនរងគ្រោះមិនបាន។
បញ្ជាក់ ៖ ឳពុក ម្តាយជនរងគ្រោះ មានទីលំនៅភូមិកំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរៀងរាល់ថ្ងៃសោរ៍ ឬថ្ងៃអាទិត្យ តែងតែនាំជនរងគ្រោះទៅលេងជីដូន ជីតា នៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលទល់មុខគ្នាជាមួយផ្ទះជនសង្ស័យ ទើបជនសង្ស័យមានឱកាសធ្វើសកម្មភាពទៅលើជនរងគ្រោះតែម្តង។
បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×