Friday, May 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ៖ ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារីរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ អតីតយុទ្ធជន និងនិវត្តជន ក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឆ្នាំ២០២៦នាព្រឹកថ្ងៃសុក្រ ទី១៥ ឧសភា ២០២៦។

នេះគឺជាព្រឹត្តិការណ៍ជាតិដ៏មានសារៈសំខាន់ក្នុងស្មារតីផ្សារភ្ជាប់ជាមួយប្រជាជនកម្ពុជាគ្រប់រូប ឱ្យចងចាំនូវគុណូបក្ការៈដ៏ឧត្តុង្គឧត្តម និងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃ បានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ជាពិសេសលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុ ជីវិត ព្រមទាំងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។

សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ គឺជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពបំផុតដល់បងប្អូនអតីត យុទ្ធជន និវត្តជន និងប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានធ្វើពលីកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។

សម្តេចធិបតី ហ៊ុនម៉ាណែត បានបញ្ជាក់ថា ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋយើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្របានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាងសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ និងប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា យោងលើមូលដ្ឋានសង្រ្គាមនៃការឈឺចាប់ យើងត្រូវធ្វើគ្រប់វិធីសាស្រ្តទាំងអស់ដើម្បីពង្រឹងខ្លួនយើង និងកុំអោយសង្រ្គាម និងការឈឺចាប់កើតមានឡើងលើទឹកដីរបស់យើងពោលគឺថែរក្សាសន្តិភាពអោយបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណាក់កាលដ៏ជូរចត់នៃប្រវត្តិសាស្ត្រ និងវីរភាពរបស់អ្នកស្នេហាជាតិក្នុងការសង្គ្រោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារីរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានថ្លែងថា ក្រោយថ្ងៃរំដោះ ៧មករា កម្ពុជាប្រឈមនឹងឧបសគ្គលំបាកជាច្រើនឥតគណនាដែលជាផលវិបាកនៃសង្គ្រាម និងការទប់ស្កាត់វិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ នៅក្នុងដំណាក់កាលនោះរដ្ឋដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺដៃម្ខាងគិតខំស្តារសេដ្ឋកិច្ចសង្គម និងជីវភាពរបស់ប្រជាជនឡើងវិញពីបាតដៃទទេ និងដៃម្ខាងទៀត ត្រូវប្រយុទ្ធទប់ស្កាត់មិនឱ្យរបបប៉ុល ពត វិលត្រឡប់មកវិញ នៅក្នុងស្ថានភាពដែលប្រទេសជាតិត្រូវបានហ៊ុំព័ទ្ធសេដ្ឋកិច្ច និងនយោបាយពីខាងក្រៅយ៉ាងអយុត្តិធម៌។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដោយសារសង្គ្រាម មិនមែនជាដំណោះស្រាយដ៏ប្រសើរនាំមកនូវសន្តិភាព និងការអភិវឌ្ឍ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គុទេសឯក និងជាប្រតិបត្តិករនយោបាយបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ ដែលធ្វើឱ្យទឹកដីកម្ពុជាឯកភាពទាំងស្រុង គ្រប់កម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន ព្រមទាំងគ្រប់ភាគីទាំងអស់នៅក្នុងជម្លោះបានធ្វើសមាហរណកម្ម មកក្រោមដំបូលនៃរាជរដ្ឋាភិបាលកម្ពុជាតែមួយ។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែន បានថ្លែងបញ្ជាក់ថា សុខសន្តិភាព និងស្ថិរភាពនយោបាយដែលគ្របដណ្តប់លើផ្ទៃប្រទេសទាំងមូលដែលមានរយៈពេលជាង៤០ឆ្នាំមកនេះ បានបង្កលក្ខណៈសម្បត្តិសំខាន់បំផុតសម្រាប់បន្តការអភិវឌ្ឍលើគ្រប់វិស័យ និងបង្កើតសមិទ្ធផលជាច្រើននៅទូរទាំងប្រទេសដូចសព្វថ្ងៃ ជាពិសេសការកាន់តែអនុគ្រោះដល់ការគិតគូរ ការតបស្នងសងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនដែលបានធ្វើពលីកម្មនៅក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជននាពេលកន្លងមក ក៏ដូចជាកសាងនូវវប្បធម៌ចែករំលែកមួយចំនួនក្នុងកសាងសង្គមជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×