Friday, May 15, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍ លើកទី៨១ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា

សារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍ លើកទី៨១ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កាលពី ៨១ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ក្រោមស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ» អង្គប្រតិបត្តិច្បាប់ ដែលត្រូវបានប្រសិទ្ធនាមថា “នគរបាលជាតិ” បានចាប់បដិសន្ធិឡើងប្រកបដោយកិត្យានុភាព និងឧត្តមភាព។ វត្តមាន និងសកម្មភាពនៃស្ថាប័ននេះ ត្រូវបានកត់ត្រាក្នុងទំព័រប្រវត្តិសាស្ត្រអំពីការធ្វើពលិកម្មដ៏ធំធេងរបស់ បុព្វបុរសរៀមច្បង យុទ្ធជន និងយុទ្ធនារីនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូឆ្លងកាត់គ្រប់ឧបសគ្គ និង រាល់ការប្រែប្រួលដ៏ស្មុគស្មាញនៃនិន្នាការសង្គម បង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនឥតគណនា ដើម្បី បុព្វហេតុសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរដោយក្តីសោមនស្ស រីករាយក្នុងទិវាខួបអនុស្សាវរីយ៍ដ៏មានអត្ថន័យថ្លៃថ្លានេះ និងសូមជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ទូទាំងប្រទេស ព្រមទាំងនិវត្តន៍ជននគរបាលជាតិទាំងអស់ និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងសូមរស់នៅដោយសេចក្តីសុខចម្រើន និងមានសុភមង្គលគ្រប់កាលៈទេសៈ។ ទន្ទឹមនេះក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដល់មន្ត្រីនគរបាលការពារព្រំដែន ដែលកំពុងឈរជើងការពារ ខណ្ឌសីមាប្រកបដោយវីរភាពអង់អាចក្លាហាន ព្រមទាំងមន្ត្រីនគរបាល និងក្រុមគ្រួសារដែលមានជំងឺ ឬ រងរបួសកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព និងគេហដ្ឋាន សូមឆាប់ជាសះស្បើយ បានវិលត្រឡប់មករួមរស់ជួបជុំក្រុមគ្រួសារ មិត្តភក្តិ សហការី និងបានចូលបម្រើការងារនៅតាមអង្គភាពវិញ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក លោកស្រីជាឪពុក ម្តាយ ឬអាណាព្យាបាល ដែលបានអនុញ្ញាតឱ្យស្វាមី ភរិយា កូន ចៅ និងសមាជិកគ្រួសារចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ ដោយបានគាំទ្រ និងបង្កលក្ខណសម្បត្តិគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិ តាំងពីដើមរៀង រហូតមក។

ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងមហាផ្ទៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កងកម្លាំង នគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ សម្រេចបានស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបង្ហាញពីតួនាទី ជាកម្លាំងស្នូលមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលតស៊ូលើសមរភូមិសន្តិសុខជាតិ និងបានរួមដំណើរជាមួយគ្នាដោយភក្ដីភាពនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ ដើម្បីស្តារ ការពារ និង កសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន តាមរយៈការបង្កើតបាន នូវបរិយាកាសសង្គមដែលមានសុខសុវត្ថិភាព ភាពកក់ក្តៅ និងជំនឿចិត្ត។ គុណតម្លៃដែលមិនអាចកាត់ថ្លៃបាន នោះគឺការបំពេញបេសកកម្មការពារបូរណភាពទឹកដី ដែលទទួលរងនូវការឈ្លានពានទាំងកំរោលដោយ ភាគីថៃផង និងកិច្ចខិតខំប្រឹងប្រែងពង្រឹងស្ថានការណ៍សន្តិសុខលើផ្ទៃប្រទេសផង ដើម្បីធានាប្រក្រតីភាពនៃ កិច្ចដំណើរការស្ថាប័នជាតិ និងសកម្មភាពជីវភាពសង្គម ដោយគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញាតិវង្សានុវង្ស បេសកកម្ម របស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិជាប្រវត្តិសាស្ត្រ ដែលបានរៀបចំឡើង នៅព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង ដែលបានលើកស្ទួយកិត្តិយស និង កិត្យានុភាពជាតិឱ្យល្បីរន្ទឺនៅលើឆាកអន្តរជាតិ។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ ត្រចះត្រចង់ទាំងអស់នេះ ព្រមទាំងសូមថ្លែងអំណរគុណ និងលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប បន្តកិច្ចខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់ យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និងពង្រឹង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួមគឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសត្រូវធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ ជាគំរូ និងជាសសរស្ដម្ភ សម្រាប់ប្រទេសជាតិបន្តទៀត។

បច្ចុប្បន្នសភាពការណ៍ពិភពលោកកំពុងបន្តវិវត្តន៍ប្រែប្រួលស្មុគស្មាញ ប្រឈមនឹងបញ្ហាវិបត្តិជាច្រើន ដោយមិនអាចកំណត់អំពីពេលវេលាត្រូវបញ្ចប់ច្បាស់លាស់ ដើម្បីឈានទៅរកស្ថិរភាព និងសណ្តាប់ធ្នាប់ ជាប្រក្រតីឡើងវិញនៅឡើយ ហើយក៏បានជះឥទ្ធិពលដល់វិស័យសន្តិសុខ នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងមនុស្សធម៌ជាសកលផងដែរ។
នៅឆ្នាំ២០២៦ នេះប្រទេសយើងបានបន្តបោះជំហានទៅមុខយ៉ាងរឹងមាំ ស្វាហាប់ ស្ថានភាពសង្គម កាន់តែមានភាពល្អប្រសើរ ចំណែកប្រជាពលរដ្ឋរស់នៅសុខសាន្ត និងមានជីវភាពធូរធារជាលំដាប់។ ទន្ទឹមនេះ ក៏នៅមានបញ្ហាសេសសល់ និងប្រឈមមួយចំនួនពីប្រភេទបទល្មើសថ្មី បទល្មើសមិនប្រពៃណី បទល្មើសមាន ការចាត់តាំង និងបទល្មើសបច្ចេកវិទ្យាជាដើម ដែលទាមទារឱ្យបងប្អូនទាំងអស់គ្នាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាប់ជានិច្ច និងម្ចាស់ការបំពេញការងារដោយប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គុណធម៌ មានមនសិការវិជ្ជាជីវៈ និងរៀបចំផែនការប្រទាក់ក្រឡា ត្រៀមសម្រាប់ដោះស្រាយសភាពការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បី ធានាថាប្រទេសរបស់យើងនៅតែបន្តស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្តីសុខ សេចក្តីចម្រើនគ្រប់ទិសទី និង គ្រប់សហគមន៍។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំមានក្តីសង្ឃឹមដោយសុទិដ្ឋិនិយម និងជឿជាក់យ៉ាងមុតមាំចំពោះមនសិការ ស្នេហាជាតិ មាតុភូមិ និងភក្តីភាពរបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ហើយក៏សូមលើកទឹកចិត្តដល់ កងកម្លាំងគ្រប់ជំនាញបន្តសកម្មភាព បង្កើតស្នាដៃ ប្រែក្លាយការប្រឈមនានាឱ្យទៅជាថាមពល បង្កើតឱកាស ដែលមានសក្តានុពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិក្លាយជាសសរស្តម្ភដ៏រឹងមាំ បម្រើឱ្យការអភិវឌ្ឍប្រទេស ដោយចីរភាព។ ខ្ញុំសូមសម្តែងនូវការពេញចិត្ត និងបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈដល់កងកម្លាំង នគរបាលជាតិឱ្យកាន់តែរឹងមាំ ស័ក្តិសមជាកម្លាំងអនុវត្តច្បាប់ប្រកបដោយគុណភាព សមត្ថភាព ប្រសិទ្ធភាព និងមានភាពថ្លៃថ្នូរ។រក្សាសិទ្ធដោយ៖សុទ្ធលី

×