កែប៖ រដ្ឋបាលខេត្តកែប បានឲ្យដឹងថា ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងចម្រុះដឹកនាំដោយ លោក ហ៊ួរ មិថុនា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប បានរកឃើញសព មនុស្ស៣នាក់ ដែលជាម្តាយ និងកូនប្រុស២នាក់ បន្ទាប់ពីស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍លិចទូកស្មាច់មួយគ្រឿង ខណៈចេញទៅរកងាវ នៅចំណុចឃ្លងអូរក្រសារ ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ អាជ្ញាធរ និងក្រុមការងារ បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព និងអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរនៅលើផ្ទៃសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងរដូវវស្សា និងពេលមានអាកាសធាតុមិនអំណោយផល។
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១២:៥០នាទីរសៀល មានករណីលិចទូកយ៉ៗមួយគ្រឿង នៅចំណុចមុខឃ្លោងព្រែកសរសៀរ ស្ថិតក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ខណៈទូកបានចេញទៅរាវងាវ ស្របពេលខ្យល់កំពុងបោកបក់ខ្លាំង។
តាមរបាយការណ៍សមត្ថកិច្ច ក្នុងទូកមានមនុស្សចំនួន៤នាក់ ក្នុងនោះឪពុកឈ្មោះ រស់ សាម អាយុ៤០ឆ្នាំ បានរស់រានមានជីវិត ខណៈម្តាយឈ្មោះ ណាំ ធារី អាយុ៣៨ឆ្នាំ និងកូនប្រុស២នាក់ អាយុ១០ឆ្នាំ និង៨ឆ្នាំ បានបាត់ខ្លួន។
យ៉ាងណា លោក ហ៊ួរ មិថុនា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប កំពុងដឹកនាំកម្លាំងចម្រុះ ដើម្បីស្វែងរកជនរងគ្រោះទាំងបីនាក់។រក្សាសិទ្ធដោយ៖សុទ្ធលី













