Wednesday, May 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់ លើការរៀបចំក្រមរដ្ឋបាល ឬនីតិក្រមរដ្ឋបាល

ទីស្តីការគណៈរដ្ឋមន្រ្តី៖ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានចូលរួមជាអធិបតីបើក និងដឹកនាំ “សិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់លើការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាល” ដោយមានវត្តមានចូលរួមពីឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមព្រឹទ្ធាចារ្យជំនាញផ្នែកច្បាប់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្រ្តីមកពីបណ្តាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសាស្រ្តាចារ្យផ្នែកច្បាប់ ជាច្រើនរូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីប្រមូលធាតុចូលសំខាន់ៗលើការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាល ដែលជាឧបករណ៍គតិយុត្តមួយដ៏សំខាន់ឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងនីតិរដ្ឋបាលនិងនីតិរដ្ឋ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍បើកសិក្ខាសាលានេះថា ការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាល គឺដើម្បីធានាសណ្តាប់ធ្នាប់គតិយុត្ត និងសណ្ដាប់ធ្នាប់ស្ថាប័ន នៃរដ្ឋបាលសាធារណៈ ព្រមទាំងលើកកម្ពស់ការគោរពច្បាប់ដោយអាជ្ញាធរសាធារណៈ (ការការពារនីត្យានុកូលភាព) ក្នុងគោលដៅបង្កើនជំនឿទុកចិត្តលើប្រព័ន្ធរដ្ឋបាលសាធារណៈពីសំណាក់សាធារណជននិងវិនិយោគិន និងអាចចាត់ទុកជាការបោះជំហានមួយថ្មីទៀត នៃកិច្ចការកែទម្រង់ច្បាប់ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រនៃការកែទម្រង់ច្បាប់កម្ពុជា ដែលត្រូវបានដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៥ ដោយសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានឆ្ពោះទៅកាន់ការកសាងនូវប្រព័ន្ធច្បាប់កម្ពុជាមួយដែលមានបូរណភាព។ ឯកឧត្តមបានបន្តថា បូរណភាពច្បាប់ឬប្រព័ន្ធច្បាប់កម្ពុជា មានន័យថា ជាច្បាប់មួយដែលមានលក្ខណៈពេញលេញ ឯកភាព សង្គតិភាព សមានគតិភាព សន្តិសុខគតិយុត្ត និងជឿទុកចិត្តបាន ដើម្បីជាមូលដ្ឋានមួយសម្រាប់គ្រប់គ្រងប្រទេស ដែលហៅថា ”នីតិរដ្ឋ”។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានមានប្រសាសន៍បន្តទៀតថា ច្បាប់យើងមានហើយ តែយើងពុំទាន់មានក្រមរដ្ឋបាល។ ការមិនទាន់មានក្រមរដ្ឋបាលមិនមែនមានន័យថា យើងពុំមានប្រព័ន្ធរដ្ឋបាលសាធារណៈនោះទេ គ្រាន់តែវិធានរដ្ឋបាលស្ថិតនៅរប៉ាត់រប៉ាយ ក្នុងច្បាប់នានាតែប៉ុណ្ណោះ។ ដូចនេះ សិក្ខាសាលារបស់យើងនាថ្ងៃនេះ គឺចង់ដោះស្រាយបញ្ហានេះដោយចាប់ផ្ដើមពីការរៀបចំក្របខ័ណ្ឌច្បាប់និងវិធានក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ សំដៅបង្កើនសមត្ថភាពដោះស្រាយបញ្ហា ធានាសណ្តាប់ធ្នាប់រដ្ឋបាលសាធារណៈ និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់រដ្ឋបាលសាធារណៈ ព្រមទាំងបង្កើនគុណភាពនៃការផ្ដល់សេវាសាធារណៈ។ ក៏ប៉ុន្តែដើម្បីធានាសណ្តាប់ធ្នាប់
រដ្ឋបាលសាធារណៈ ត្រូវមានវិធាន ប្រព័ន្ធ ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កិច្ចការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាល មិនមែនជាកិច្ចការស្រួលនោះទេ ប៉ុន្តែយើងត្រូវមានឆន្ទៈ និងសេចក្ដីក្លាហាន ព្រមទាំងត្រូវជំនះធ្វើកិច្ចការនេះ ដើម្បីផលប្រយោជន៍ជាតិ និងរួមចំណែកក្នុងកិច្ចការការពារជាតិនិងសន្តិសុខជាតិ ការកសាងជាតិ ការអភិវឌ្ឍជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាជន ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ទន្ទឹមនេះ ដើម្បីធ្វើកិច្ចការងារនេះ ត្រូវមានការយល់ដឹង អំពីវត្ថុបំណងចម្បងបំផុត (Primary Objective) នៃការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាលនេះ ហើយត្រូវចូលរួមអនុវត្តទាំងអស់គ្នា នៅក្នុងដំណើរមួយដ៏វែងឆ្ងាយ។ ដូចនេះ ការរៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាល គឺជាកិច្ចការមួយដ៏សំខាន់ និងមានលក្ខណៈស្មុគស្មាញទាំងលើទិដ្ឋភាពបច្ចេកទេស ទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ ទិដ្ឋភាពស្ថាប័នអនុវត្ត និងទិដ្ឋភាពរៀបចំយន្តការ ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងាររៀបចំក្រមរដ្ឋបាលឬនីតិក្រមរដ្ឋបាលធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីឧត្តមានុវត្តន៍ជាអន្តរជាតិដោយអាចរៀបចំជាទស្សនកិច្ចសិក្សាឬការពិគ្រោះយោបល់ជាមួយអ្នកជំនាញការជាន់ខ្ពស់អន្តរជាតិជំនាញរដ្ឋបាលសាធារណៈ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×