Thursday, May 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឡើងថ្លែងបទអន្តរាគមន៍ នៅសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) អំពាវនាវឱ្យមានសាមគ្គីភាព និងសមធម៌ក្នុងការកសាងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់

ទីក្រុងហ្សឺណែវ៖ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥:០០នាទី នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ត្រូវនឹងម៉ោង ២០:០០នាទី ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឡើងថ្លែងបទអន្តរាគមន៍ នៅចំពោះមុខរដ្ឋសមាជិក១៨៥ ក្នុងសម័យប្រជុំពេញអង្គ នៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) ក្រោមប្រធាទបទ៖ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា (Reshaping Global Health: A Shared Responsibility)» ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំពីសមិទ្ធផលសំខាន់ៗ របស់កម្ពុជា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសក្រោយវិបត្តិជំងឺរាតត្បាតកូវីដ-១៩ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage – UHC) នៅត្រឹមឆ្នាំ ២០៣៥។​
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងនូវចំណុចសំខាន់ៗជាអាទិភាពក្នុងវិស័យសុខាភិបាល មានជាអាទិ៍៖ ១) ការពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម (Primary Health Care) ២) ការការពារហានិភ័យផ្នែកសុខភាព ៣) ការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះភាពអាសន្នផ្នែកសុខាភិបាល ៤) ការអំពាវនាវឱ្យមានសាមគ្គីភាពអន្តរជាតិ និង ៥) ការគាំទ្រកំណែទម្រង់​ WHO។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «សុខភាពសកលលោកកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ ដែលនឹងកំណត់អនាគតកាលយ៉ាងជ្រាលជ្រៅបំផុត។ អនាគតនៃសុខភាពសកល គឺផ្អែកសំខាន់លើ ការកសាងសមត្ថភាពនៅនឹងកន្លែង សមធម៌ និងភាពចម្រុះ។»

ការចូលរួម និងការថ្លែងបទអន្តរាគមន៍របស់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ (WHA79) បានបង្ហាញពីការដឹកនាំប្រកបដោយការទទួលខុសត្រូវ និងចក្ខុវិស័យច្បាស់លាស់របស់កម្ពុជា ក្នុងការចូលរួមចំណែកដល់សុខភាពសកល ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសម្រេចគោលដៅ «កែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា» ប្រកបដោយចីរភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×