ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី លើកទឹកចិត្ត និងគាំទ្រអគ្គនាយកដ្ឋានពន្ធដា បន្តយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មឌីជីថល សំដៅប្រែក្លាយខ្លួនទៅជារដ្ឋបាលសារពើពន្ធទំនើប ស្របតាមឧត្តមានុវត្តន៍នៅក្នុងតំបន់សកល ជាពិសេសខណៈដែលកម្ពុជាត្រូវការជាចាំបាច់នូវរដ្ឋបាលសារពើពន្ធមួយដែលទំនើប ឆ្លាតវៃ ដើម្បីផ្តល់ភាពងាយស្រួល តម្លាភាព គណនេយ្យភាព បន្ថែមទៀតជូនអ្នកជាប់ពន្ធ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ពាក្យស្លោករបស់សម្ដេចតេជោ ថា “កែទម្រង់រស់ មិនកែទម្រង់គឺស្លាប់” មានអត្ថន័យ និងត្រឹមត្រូវគ្រប់កាលៈទេសៈទាំងអស់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលពន្ធចូលរដ្ឋ ក៏ដូចជារួមចំណែកជំរុញក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យគត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺមានកំណើនជិត ៤ដង ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ។
ឯកឧត្តមបន្ថែមថា ការចូលរួមចំណែករបស់ពន្ធដារនេះ ក៏បានកាត់បន្ថយអំពើគេចវេសពន្ធ សំដៅលើកកម្ពស់អនុលោមភាពសារពើពន្ធ និងធានាឱ្យមានបរិយាកាសធុរកិច្ចស្មើភាព ដែលជាកត្តាដ៏សំខាន់សម្រាប់ធានានូវភាពរស់រវើកនៃកម្មភាពសេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















