សម្តេចធិបតី បានណែនាំ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តតាមដានឱ្យដិតដល់ជាមួយគណៈអភិបាលរាជធានី ខេត្ត ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ក្នុងករណីមានគ្រោះទឹកជំនន់ ក៏ដូចជាការចាត់វិធានការបន្ទាន់ដោយត្រៀមកម្លាំង មធ្យោបាយ សម្ភារៈចាំបាច់នានា ដើម្បីធ្វើអន្តរាគមន៍សង្រ្គោះទាន់ពេលតាមការចាំបាច់។ ក្រសួងធនធានទឹកនិងឧតុនិយម ត្រូវតាមដានជាប់ជាប្រចាំអំពីការព្យាករណ៍អាកាសធាតុ ជាពិសេសការវិវត្តនៃកម្ពស់ទឹក និងត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលរាជធានី ខេត្ត ដើម្បីអន្តរាគមន៍ឱ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ខណៈដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមស្បៀងនិងសម្ភារៈចាំបាច់នានា ក្នុងករណីដែលមានផលប៉ះពាល់ធំ ដែលបង្កឱ្យមានការខូចខាតដល់ដំណាំរបស់ប្រជាពលរដ្ឋ ដែលចាំបាច់ត្រូវជួយស្តារឡើងវិញ។ សម្តេចធិបតី ក៏បានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់កម្រិត ត្រូវបង្កើនភាពសកម្មក្នុងការចុះជួបប្រាស័្រយទាក់ទងជាមួយបងប្អូនប្រជាកសិករ និងត្រៀមលក្ខណៈក្នុងការជួយពួកគាត់នៅពេលដែលមានគ្រោះមហន្តរាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




