Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងក្រុងស្វាយរៀង ខេត្តស្វាយរៀង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦


ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ២ករណី ដែលបានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្ត ស្វាយរៀង ដោយគិតត្រឹមម៉ោង ១០ព្រឹកនេះ បណ្តាលឱ្យបងប្អូនកម្មករនិយោជិតរងគ្រោះសរុបចំនួន ៩៣នាក់ (ស្រី ៧៤នាក់) ក្នុងនោះ ស្លាប់ចំនួន ១៤នាក់ (ស្រី ១០នាក់) របួសធ្ងន់ចំនួន ១៥នាក់ (ស្រី ១២នាក់) និងរបួសស្រាល ចំនួន ៦៤នាក់ (ស្រី ៥២នាក់) ក្នុងនោះ៖
ករណីទី១ កើតឡើងនៅភូមិសាលាលេខ៥ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រវាងរថយន្ត ដឹកទំនិញធុនធំជាមួយរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះចំនួន ៥៣នាក់ (ស្រី ៥០នាក់) ក្នុងនោះ ស្លាប់ចំនួន ៩នាក់ (ស្រី ៨នាក់) របួសធ្ងន់ចំនួន ៩នាក់ (ស្រី ៨នាក់) និងរបួសស្រាលចំនួន ៣៥នាក់ (ស្រី ៣៤នាក់)។
ករណីទី២ កើតឡើងនៅភូមថ្មី សង្កាត់សង្ស័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង រវាងរថយន្តដឹកជញ្ជូនកម្មករ និយោជិតនិងរថយន្តដឹកជញ្ជូនកម្មករនិយោជិត ដែលមានជនរងគ្រោះចំនួន ៤០នាក់ (ស្រី ២៤នាក់) ក្នុងនោះ ស្លាប់ចំនួន ៥នាក់ (ស្រី ២នាក់) របួសធ្ងន់ចំនួន ៦នាក់ (ស្រី ៤នាក់) និងរបួសស្រាលចំនួន ២៩នាក់ (ស្រី ១៨នាក់)។ ភ្លាមៗក្រោយទទួលបានព័ត៌មាន បេឡាជាតិសន្តិសុខសង្គម មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងខិតខំជួយសង្គ្រោះនិងចាត់ចែងបញ្ជូន អ្នករងរបួសទៅមន្ទីរពេទ្យដែលនៅក្បែរកន្លែងកើតហេតុ មន្ទីរពេទ្យបង្អែកខេត្ត និងកំពុងបញ្ជូនបន្តមកមន្ទីរពេទ្យ កាល់ម៉ែត្រ។
គ្រោះថ្នាក់ចរាចរណ៍នាថ្ងៃនេះ គឺជាថ្ងៃដែលសោកស្តាយបំផុតដែលមានករណីបងប្អូនកម្មករនិយោជិត ស្លាប់ច្រើនជាងគេ។ ក្រសួងនឹងធ្វើការជាមួយស្ថាប័នពាក់ព័ន្ធបន្ថែមទៀត ដើម្បីបង្កើនសុវត្តិភាពដឹកជញ្ជូនកម្មករ និយោជិត។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំងថ្នាក់ដឹកនាំក្រសួងនឹងចុះទៅរៀបចំបុណ្យសព ដោយរាល់ការចំណាយនៃពិធីបុណ្យសពជាបន្ទុករបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបេឡាជាតិ សន្តិសុខសង្គម ព្រមទាំងទទួលអត្ថប្រយោជន៍ស្របតាមច្បាប់ស្តីពីការងារ និងគោលរបបសន្តិសុខសង្គម។ ក្រសួងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងអាណិតស្រលាញ់ជាទីបំផុតជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមជូនពរដល់អ្នករងរបួសទាំងអស់ចាប់បានជាសះស្បើយ។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារទៅតាមគោលរបបសន្តិសុខសង្គម របស់បេឡាជាតិសន្តិសុខសង្គម។ រក្សាសិទ្ធដោយ៖សុទ្ធលី

×