Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សលើកទី៤៣


ទីក្រុងហ្សាការតា ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦៖ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា តំណាងរងកម្ពុជាប្រចាំអាយឆា និងជាសមាជិក គ.ស.ម.ក. បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំរបស់អាយឆា លើកទី៤៣ ចាប់ពីថ្ងៃទី១៨-២២ ខែឧសភា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក Bolivar L. Bao ប្រធានស្តីទីរបស់អោយឆា និងជាតំណាងរងប្រទេសហ្វីលីពីនប្រចាំអាយឆា និងមានការចូលរួមពីតំណាងប្រទេសប្រចាំអាយឆា និងលេខាធិការដ្ឋាន អាស៊ាន។
កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តសកម្មភាពពាក់ព័ន្ធនឹងសេចក្តីប្រកាសអាស៊ានស្តីពីសិទ្ធិមនុស្ស និងការ អភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងពិនិត្យវឌ្ឍនភាពការអនុវត្តផែនការសកម្មភាពរបស់អាយឆា ឆ្នាំ២០២៦-២០៣០ និងកំណត់ត្រាសង្ខេបកិច្ចប្រជុំពាក់ព័ន្ធ។ កិច្ចប្រជុំក៏បានផ្តោតលើកម្មវិធីអាទិភាពស្តីពីទីក្រុងសិទ្ធិមនុស្ស ការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ការការពារស្ត្រី កុមារ និងក្រុមងាយរងគ្រោះ ព្រមទាំងសិទ្ធិមនុស្សនៅសមុទ្រ។ លើសពីនេះ តំណាងអាយឆា ក៏បានផ្លាស់ប្តូរយោបល់អំពីបញ្ហាសិទ្ធិមនុស្សសំខាន់ៗ ដូចជា សិទ្ធិទទួលបានទឹកស្អាត អនាម័យ សុខភាព ការកាត់បន្ថយភាពក្រីក្រ និងអំពើហិង្សាផ្អែកលើយេនឌ័រ ព្រមទាំងសិទ្ធិកុមារក្នុងមណ្ឌលឃុំខ្លួនអន្តោប្រវេសន៍។ កិច្ច ការត្រៀមសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៩ ក៏ត្រូវបានពិភាក្សាផងដែរ ពាក់ព័ន្ធនឹងការរៀបចំ របាយការណ៍ប្រចាំឆ្នាំរបស់អាយឆា ឆ្នាំ២០២៥-២០២៦ និងកម្មវិធីអាទិភាពរបស់អាយឆា ឆ្នាំ២០២៧ ព្រមទាំង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងអង្គការពាក់ព័ន្ធ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ការកសាង សមត្ថភាព និងការផ្លាស់ប្តូរចំណេះដឹង។
ជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចែករំលែកអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសសមាជិកអាស៊ាននីមួយៗ ដូចជា ការបង្កើតច្បាប់ ឬលិខិតបទដ្ឋានគតិយុត្ត ការដាក់ចេញនូវកម្មវិធី ឬគោលនយោបាយ និងការផ្តួចផ្តើមគំនិតផ្សេងៗ រួមទាំងវិធានការនានា ដើម្បីការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស ក៏ដូចជាបញ្ហាប្រឈមនិងកង្វល់ក្នុងវិស័យសិទ្ធិមនុស្ស ផងដែរ។
ក្នុងអំឡុងនៃកិច្ចប្រជុំលើកទី៤៣នេះផងដែរ អោយឆាក៏មានកិច្ចជំនួបទ្វេភាគីជាមួយដៃគូ ចំនួន៦ រួមមាន ប្រទេសជប៉ុន ប្រទេសន័រវ៉េ សធារណរដ្ឋកូរ៉េ សហភាពអឺរ៉ុប ប្រទេសអូស្ត្រាលី និងបណ្តាញសាកលវិទ្យាល័យអាស៊ាន
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្ស។ អាយឆា ក៏បានជួបប្រជុំជាមួយគណៈកម្មាធិការតំណាង អចិន្ត្រៃយ៍ (CPR) ដើម្បីផ្លាល់ប្តូរយោបល់ ចំណេះដឹង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាយឆា និង CPR។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ប៉ា ប៉ុណ្ណារ៉ាដា បានគូសបញ្ជាក់ពីផលប៉ះពាល់សិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ចំពោះជនភៀសសឹកខ្មែរជាង ៣២,០០០នាក់ ព្រោះកងទ័ពថៃនៅតែបន្តរាយលួសបន្លា និងដាក់ទូកុងតឺន័រ នៅក្នុង ទឹកដីកម្ពុជា រារាំងមិនឱ្យត្រឡប់ទៅផ្ទះវិញបាន ដែលមិនគោរពទៅនឹងកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់រវាងកម្ពុជា និងថៃ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយភាគីទាំងពីរបានព្រមព្រៀងអនុញ្ញាតឱ្យប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋាន និងប្រកបមុខរបរចិញ្ចឹមជីវិតវិញ ដោយសុវត្ថិភាព ប្រកបដោយភាពថ្លៃថ្នូរ និងគ្មានការរារាំង។ ហេតុដូចនេះ ឯកឧត្តម បានអំពាវនាវឱ្យមានវិធានការបន្ទាន់ និងចាំបាច់ក្នុងការជួយសម្របសម្រួលឱ្យជនភៀសសឹកខ្មែរត្រឡប់ទៅលំនៅឋាន វិញ ដោយសុវត្ថិភាព និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ព្រមទាំងបញ្ឈប់រាល់សកម្មភាពដែលបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីការពារសិទ្ធិមូលដ្ឋានរបស់ជនភៀសសឹក ស្របតាមច្បាប់អន្តរជាតិ។ ជាមួយគ្នា នេះដែរ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ ដើម្បីធានាសន្តិភាព ស្ថិរភាព និងការការពារសិទ្ធិមនុស្ស។
ទន្ទឹមនេះ ឯកឧត្តម បានលើកឡើងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការបោកប្រាស់តាម ប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការដាក់ចេញឱ្យប្រើប្រាស់ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ការចាត់វិធានការម៉ឺងម៉ាត់ ក្នុងការចុះស៊ើបអង្កេត និងបង្ក្រាបទីតាំងសង្ស័យ ព្រមទាំងចាប់ខ្លួនជនជាប់ពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាទីបញ្ចប់ កិច្ចប្រជុំបានសម្តែងនូវការកោតសរសើរដល់អោយឆាហ្វីលីពីន និងលេខាធិការដ្ឋានអាស៊ាន ដែលបានរៀបចំ និងសម្របសម្រួលកិច្ចប្រជុំបានយ៉ាងល្អ និងសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត៕
រក្សាសិទ្ធដោយ៖សុទ្ធលី

×