កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការរឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការលើទីតាំងផ្ទះវីឡាលេខ ៣៣៦ ក្រុមទី៥ ភូមិ រំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង ដោយឃាត់ខ្លួនជនបរទេសជិត៣០នាក់ ជាប់ពាក់ព័ន្ធបទល្មើស Online Scams ហើយផ្ទះវីឡានេះជាកម្មសិទ្ធិរបស់ឧត្តមសេនីយ៍ម្នាក់។
ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក សុខ លូ ប្រធានគណ:បញ្ជាការឯកភាពខេត្តបាត់ដំបង ។
របាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រតិបត្តិការនេះ ក្រុមការងារបានឃាត់ខ្លួនជនបរទេស ចំនួន ២៧នាក់ (ស្រី ៩នាក់) រួមមាន៖ ហ្វីលីពីន ២៣នាក់ ស្រី ៨នាក់ មីយ៉ាន់ម៉ា ២នាក់ ស្រី ១នាក់ នីហ្សេរីយ៉ា ១នាក់ និង សេរ៉ាឡេអូន ១នាក់ ព្រមទាំងជនជាតិខ្មែរ ចំនួន ៧នាក់ ប្រព្រឹត្តិ Online Scams ។
ពួកគេទើបមកស្នាក់នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដែលរត់ចេញពីគោលដៅផ្សេង ក្រោយការបង្ក្រាប។
សម្រាប់អេឡិចត្រូនិចត្រូវបានត្រួតពិនិត្យដោយក្រុមអ្នកបច្ចេកវិទ្យារបស់អគ្គស្នងការនគរបាលជាតិឃើញថាពិតជា Online Scams ហើយវត្ថុតាងទាំងនោះត្រូវបានបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីបន្តនីតិវិធី ។
ចំពោះផ្ទះវីឡានេះត្រូវបានបិទសៀល និងប្រគល់ឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបងទទួលខុសត្រូវ ។ ហើយភូមិគ្រឹះដែលបង្ក្រាបពាក់ព័ន្ធស្កេមអនឡាញនេះត្រូវបានប្រភពទម្លាយមកថា ជាកម្មសិទ្ធិរបស់មន្ត្រីយោធាផ្កាយ១ ឈ្មោះ អូន សុខសិលា ៕រក្សាសិទ្ធដោយ៖សុទ្ធលី






