Thursday, June 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្រ្តី ហង់ជូន ណារ៉ុន ៖ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ជាមួយកំណើននៃវត្តមានរបស់សហគ្រាសអង់គ្លេសនៅកម្ពុជា

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុង នាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនៃចក្រភពអង់គ្លេស Charles III ដែលរៀបចំឡើងដោយ ឯកឧត្ដម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនិងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មកពីក្រសួងស្ថាប័ននានា ដៃគូអភិវឌ្ឍន៍ តំណាងមកពីវិស័យឯកជន និងសង្គមស៊ីវិល។

ក្នុងឱកាសនេះ ឯកឧត្ដម ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា ការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ គឺជាព្រឹត្តិការណ៍ជួបជុំដ៏រីករាយជារៀងរាល់ឆ្នាំ ដែលស្ថានទូតខិតខំប្រឹងប្រែងយ៉ាងពិសេស ដើម្បីអបអរសាទរមិត្តភាពជាមួយកម្ពុជា និងថ្លែងអំណរគុណដល់គ្រប់ស្ថាប័នទាំងអស់ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេសលើគ្រប់វិស័យ។ ទន្ទឹមនេះដែរ ឯកឧត្ដម អគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានរំលេចពីយុទ្ធនាការរបស់ស្ថានទូត ក្នុងការប្តូរឈ្មោះជាភាសាខ្មែររបស់ចក្រភពអង់គ្លេស ដើម្បីឱ្យ ប្រជាជនកម្ពុជាស្គាល់កាន់តែច្បាស់ពីចក្រភពអង់គ្លេស ដែលមានប្រទេសចំនួនបួននៅក្នុងនោះ គឺ អង់គ្លេស (England) ស្កុតឡែន(Scotland) វេលស៍(Wales) និងអៀរឡង់ខាងជើង (Northern Ireland)។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សូមថ្វាយ ព្រះពរ ចំពោះព្រះមហាក្សត្រ Charles III ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧៨ ព្រះវស្សា និងលើកឡើងថា ការប្រារព្ធកម្មវិធីនាពេលនេះ ឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងទំនាក់ទំនងដ៏ស្និទ្ធស្នាលយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ដែលជាប្រទេសរាជានិយមដូចគ្នា។ បន្ថែមពីនេះ សូមគូសរំលេចពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការលេចធ្លោមួយចំនួនរវាងកម្ពុជា និងចក្រភពអង់គ្លេស ដូចជា៖

  • ការពង្រីកកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់លើគ្រប់វិស័យ ដែលក្នុងនោះ រួមមានការផ្លាស់ប្តូរកម្រិតខ្ពស់ ពាណិជ្ជកម្ម និងការវិនិយោគ ការអប់រំ វប្បធម៌ ការថែទាំសុខភាព ការដោះមីន ការការពារបរិស្ថាន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ។
  • កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ជាមួយកំណើននៃវត្តមានរបស់សហគ្រាសអង់គ្លេសនៅកម្ពុជា
  • រំលេចពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព តួយ៉ាង អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនដ៏ល្បីរបស់ចក្រភពអង់គ្លេស Foster + Partners ជាមួយនឹងលក្ខណៈពិសេស ទំនើប និងការប្តេជ្ញាចិត្តរួមគ្នាចំពោះការអភិវឌ្ឍបៃតង ប្រកបដោយភាពធន់។
  • សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
  • សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្នែកអប់រំ ដែលកំពុងរីកចម្រើនជាមួយចក្រភពអង់គ្លេស រួមទាំងការវិនិយោគលើសាលារៀន កិច្ចសហប្រតិបត្តិការនៅសាកលវិទ្យាល័យ អាហារូបករណ៍ និងកម្មវិធីផ្លាស់ប្តូរការសិក្សា ដែលបន្តពង្រឹងធនធានមនុស្សរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។
  • សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការប្រកាសនាពេលថ្មីៗនេះរបស់ចក្រភពអង់គ្លេសអំពីកញ្ចប់ថវិកា ដើម្បីគាំទ្រដល់ការបោសសម្អាតមីន និងការអប់រំអំពីហានិភ័យនៃអាវុធជាតិផ្ទុះនៅកម្ពុជាបន្តទៀត ដែលនេះរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់សុខសុវត្ថិភាព និងជីវភាពរស់នៅរបស់សហគមន៍ និងការជំរុញកម្ពុជាឱ្យក្លាយជាប្រទេសគ្មានមីនក្នុងឆ្នាំ២០៣០ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ចក្រភពអង់គ្លេស ចំពោះសន្តិភាព សុវត្ថិភាព និងជំនួយមនុស្សធម៌នៅកម្ពុជា។

ជាថ្មីម្ដងទៀត សូមថ្លែងអំណរគុណជាពិសេសចំពោះការរួមចំណែកដ៏មានតម្លៃរបស់ចក្រភពអង់គ្លេសក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធី Chevening ដែលផ្ដល់អាហារូបករណ៍ជាង ២០០កន្លែង ដល់និស្សិតកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ព្រមទាំងបានគូសបញ្ជាក់ថា នេះជាឆ្នាំប្រកបដោយអត្ថន័យ ពិសេស បានប្រារព្ធខួបលើកទី៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-ចក្រភពអង់គ្លេស ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃភាពជាដៃគូរវាងកម្ពុជា និងចក្រភពអង់គ្លេស និងការប្តេជ្ញាចិត្តរួមគ្នា ចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ តាមរយៈសកម្មភាពប្រកបដោយអត្ថន័យ និងផលប្រយោជន៍ទៅវិញទៅមក ដែលពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×